ព័ត៌មានបច្ចេកវិទ្យា

គន្លឹះបញ្ជាឲ្យកុំព្យូទ័របិទស្វ័យប្រវត្តិពេលចាំបាច់ សម្រាប់ Windows 7, 8 និង 10

ស្ថិតនៅក្នុងកាលៈទេសៈចាំបាច់ ខណៈពេលដែលលោកអ្នកកំពុងចំលងទិន្នន័យធំៗ ដោយមិនចង់អង្គុយរង់ចាំរហូតដល់ចប់ ឬមានកិច្ចការបន្ទាន់ចាកចេញពីកន្លែងប្រើប្រាស់កុំព្យូទ័រ ពេលនោះហើយលោកអ្នក នឹងត្រូវស្វែងរកវិធីកំណត់ម៉ោងបិទកុំព្យូទ័រដោយស្វ័យប្រវត្តិ ជាមិនខាន។

វិធីលើកយកមកនេះ នឹងធ្វើការបិទកុំព្យូទ័រលោកអ្នកដោយស្វ័យប្រវត្តិ និងមិនខ្វល់ពីកម្មវិធីដែលកំពុងដំណើរការលើកុំព្យូទ័រឡើយ ពោលទោះជាកម្មវិធីអ្វីដែលមិនទាន់ធ្វើការចប់ក៏ត្រូវតែបញ្ចប់ក្នុងពេលដែលបានកំណត់រួចដែរ។

ឧទាហរណ៍៖ កម្មវិធីដោនឡូដមិនទាន់ដំណើរការចប់ ប្រសិនបើដល់ម៉ោងកំណត់កុំព្យូទ័រឲ្យបិទ វាត្រូវតែបិទជាដាច់ខាត។

របៀបអនុវត្តន៍

១​ – ចុច Mouse ស្តាំលើប៊ូតុង Start រួចជ្រើសរើសយកពាក្យថា​ Run ឬក៏ចុចលើប៊ូតុង Windows + R លើក្តារចុច ដើម្បីឱ្យផ្ទាំងកម្មវិធី Run លោតចេញ

២ – វាយបញ្ចូលពាក្យថាៈ

shutdown -s -f -t 00

(ត្រង់លេខ ០០ មានន័យថា៖ លោកអ្នកបញ្ជាកុំព្យូទ័រឲ្យបិទភ្លាមៗ)

៣ – បន្ទាប់មកចុច Enter ឬចុចលើប៊ូតុង OK រួចការកំណត់នឹងចាប់ផ្តើម ឬប្រិយមិត្តអាចកំណត់ពេលវេលាជាក់លាក់ណាមួយ ដោយប្រើថេរវេលាគិតជាវិនាទី។

ឧទាហរណ៍៖ បើសិនជាលោកអ្នកចង់កំណត់ឲ្យកុំព្យូទ័របិទស្វ័យប្រវត្តិក្នុងពេល ១៥ នាទីក្រោយ ប្រិយមិត្តត្រូវបញ្ចូលពាក្យថាៈ

shutdown -s -f -t 900

បញ្ជាក់៖​ ត្រង់លេខ 900 គឺជាចំនួនវិនាទីបំប្លែងមកពី ១៥ នាទី។ ពោលគឺ ១៥​ នាទីក្រោយមក កុំព្យូទ័រនឹងត្រូវបិទ (Shutdown) ដោយស្វ័យប្រវត្តិ៕

មតិយោបល់