ព័ត៌មានសេដ្ឋកិច្ច

ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បញ្ចុះតម្លៃអគ្គិសនីពី ៣០០០៛ មកត្រឹម ៧៩០៛ ចាប់ពីខែនេះទៅ

ក្រោយការដាក់កាបអគ្គិសនីកប់បាតទន្លេ ភ្ជាប់អគ្គិសនីពីប្រភពបណ្តាញជាតិឲ្យទៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ឆ្លងទន្លេចំនួន ២ តម្លៃអគ្គិសនីត្រូវបានបញ្ចុះពី ៣០០០៛ មកត្រឹម ៧៩០៛ ក្នុង១គីឡូវ៉ាត់ម៉ោង ចាប់ពីខែមេសា តទៅ។ នេះបើយោងតាមការឲ្យដឹងពី អាជ្ញាធរអគ្គិសនីកម្ពុជា។

លើសពីនេះទៅទៀត ក៏មានការអនុគ្រោះពិសេសគឺ តម្លៃត្រឹមតែ ៦១០៛ សម្រាប់អ្នកប្រើប្រាស់មិនលើស ៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង ៤៨០៛ សម្រាប់អ្នកប្រើប្រាស់មិនលើស ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ។

ការផ្តល់ប្រភពអគ្គិសនីពីបណ្តាញជាតិ ឆ្លងកាត់ទន្លេចំនួន ២ ឲ្យស្រុកកំពង់លែងនេះ នឹងផ្តល់លទ្ធភាពឲ្យសេវាករផ្គត់ផ្គងអគ្គិសនីនៅទីនោះ អាចពង្រីកការផ្គត់ផ្គង់អគ្គិសនីឲ្យគ្រប់ឃុំ និងភូមិ ក្នុងស្រុកនេះ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

កាលពីពេលថ្មីៗនេះ ខ្សែភ្លើងកប់ក្រោមបាតសមុទ្រលើកទីមួយនៅកម្ពុជា នឹងត្រូវបានដាក់បញ្ជូនប្រភពអគ្គិសនី ឆ្លងកាត់មហាសមុទ្រទៅឲ្យកោះស្តេច ជួយបញ្ចុះថ្លៃអគ្គិសនីលើសពី ៥០ភាគរយទៀតផង។

ខ្សែភ្លើងនេះ ជាខ្សែទីមួយហើយ ដែលត្រូវកប់ក្រោមបាតសមុទ្រ តភ្ជាប់ទៅកាន់កោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ប្រភពអគ្គិសនីនេះ ភ្ជាប់ជូនប្រជាពលរដ្ឋនៅកោះស្តេច ដើម្បីបញ្ចុះតម្លៃអគ្គិសនីពីបច្ចុប្បន្ន ២០៥០៛ ទៅ ១០០០៛ ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងដំណាក់កាលដំបូង និងបន្ទាប់មក ចុះមកត្រឹម ៧៩០៛។

លើសពីនេះទៅទៀត ក៏មានការអនុគ្រោះ២ទៀត គឺគិតត្រឹមតម្លៃ ៦១០៛ សម្រាប់អ្នកប្រើមិនលើស ៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង ៤៨០៛ សម្រាប់អ្នកប្រើមិនលើស ១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ។

គួរជម្រាបដែរថា ប្រជាពលរដ្ឋប្រមាណជា ៦០០គ្រួសារនៅលើកោះ និងអ្នកប្រកបអាជីវកម្មនានា បានអបអរសាទរយ៉ាងខ្លាំងចំពោះការជួយរបស់រាជរដ្ឋាភិបាល៕

មតិយោបល់