ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនផ្គត់ផ្គង់គោអូស្រ្តាលី SLN អាចប្រឈមនឹងការបិទទ្វាររោងចក្រ ក្នុងពេលដ៏ខ្លីខាងមុខ

ក្រុមហ៊ុន SLN Meat Supply ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សាច់គោអូស្រ្តាលី ដ៏ធំមួយនៅកម្ពុជា អាចប្រឈមនឹងការបិទទ្វាររោងចក្រ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីម្សិលមិញនេះ។

កាលពីម្សិលមិញនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះពិនិត្យ កិច្ចដំណើរ និងសង្វាក់ផលិតកម្ម ទីសត្តឃាតដ្ឋាន ការវិចខ្ចប់ និងឃ្លាំងត្រជាក់ស្តុកសាច់ មុនការបញ្ចេញលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស របស់ក្រុមហ៊ុន SLN Meat Supply។

តាមរយៈការវាយតម្លៃ ក្នុងដំណើរចុះត្រួតពិនិត្យនេះ គឺបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន មានជួបបញ្ហាប្រឈមជាច្រើនដូចជា ខ្វះខាតការសហការពេញលេញពីបណ្តាក្រសួងពាក់ព័ន្ធ ពុំមានការបញ្ជារទិញពី បណ្តាប្រទេសគោលដៅដែលត្រូវនាំចេញទៅ នឹងពុំមានការគាំទ្រពីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃបណ្តាប្រទេសនោះ។

បើសិនជារោងចក្រដោះស្រាយពុំទាន់ពេលវេលា គឺអាចឈានទៅបិទទ្វារ និងបញ្ឈប់កម្មកររាប់រយនាក់ នាពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន​ SLN Meat Supply បានបោះទុនវិនិយោគជាង ៣០លានដុល្លារអាមេរិក ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុន Frontier International Agri មកពីអូស្រ្តាលី ដើម្បីនាំគោរស់ដោយផ្ទាល់ពីប្រទេសអូស្រ្តាលីមកកាន់ប្រទេសកម្ពុជា៕

មតិយោបល់