ថៃៈ ប៉ូលិសក្រុងបាងកក នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ការវាយប្រហារចំនួន ២២ លើក រួមមានការបំផ្ទុះគ្រាប់បែកតូច យ៉ាងហោចណាស់ចំនួន ០៥ ដង ភាគច្រើននៅតំបន់មូស្លីម ភាគខាងត្បូងប្រទេសថៃ ដែលហេតុការណ៍ផ្ទុះថ្មីៗនេះ បានកើតទ្បើងបន្ទាប់ពីព្រះមហាក្សត្រ Maha Vajiralongkorn ឡាយព្រះហស្ថ ហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី ដែលនឹងអនុញ្ញាតឲ្យមានការបោះឆ្នោតមួយ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ពួកយោធា នៅក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។
ក្នុងហេតុការណ៍នោះ មិនមានរបាយការណ៍ណាមួយ បញ្ជាក់អំពីការស្លាប់ និងរបួស ក្នុងការវាយប្រហារនៅតំបន់ ដែលធ្លាប់ជាកន្លែងបះបោរ របស់ក្រុមផ្ដាច់ខ្លួនមូស្លីម នៅអំទ្បុងរយៈពេល១០ ឆ្នាំមុននោះទេ ។ ផ្នែកខ្លះ នៃតំបន់នេះ បានបោះឆ្នោតប្រជាមតិប្រឆាំងនឹងរដ្ឋធម្មនុញ្ញថ្មី កាលពីឆ្នាំមុន។
អ្នកនាំពាក្យកងកម្លាំងសន្តិសុខនៅក្នុងតំបន់ លោក Pramote Prom in បាននិយាយថា «ឧប្បត្តិហេតុនេះ ជាការបង្កើតការរំខាន ដោយពួកគេចង់បំផ្លាញភាពជឿជាក់របស់រដ្ឋាភិបាល និងបង្កើតការភ័យខ្លាច ក្នុងចំណោមប្រជាជន»។
រហូតមកទល់ពេលនេះ ពុំទាន់មានការអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ កាលពីថ្ងៃពុធនោះទេ ខណៈដែលកងកម្លាំងសន្តិសុខ បាននិយាយថា ពួកគេនៅមិនទាន់អាច កំណត់មុខសញ្ញាស្តីបន្ទោស ទៅលើខាងក្រុមណាទ្បើយ៕
មតិយោបល់