គម្រោងបណ្តាញឆ្អឹងខ្នងទូរគមនាគមន៍ មហាអនុតំបន់ទន្លេមេគង្គ ចាប់ពីខេត្តកំពង់ចាម ដល់ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីម្សិលមិញនេះ ក្រោមអធិបតីភាពរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Hide Hisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ និយ័តករទូរគមនាគមន៍កម្ពុជា។
គម្រោងនេះ ទទួលបានជំនួយហិរញ្ញប្បទានសម្បទានពី រាជរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ JICA ដែលមានទឹកប្រាក់សរុប ៣៩លានដុល្លារអាមេរិក ហើយគ្រោងនឹងស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងប្រវែង ៤៦៧គីឡូម៉ែត្រពីខេត្តកំពង់ចាម ដល់ខេត្តព្រះសីហនុ និងបណ្តាញកាប្លិ៍ក្នុងខេត្ត ទីប្រជុំជនប្រវែង ២៩៩គីឡូម៉ែត្រ។
ក្រៅពីនេះ ក៏មានការស្ថាបនាអគារទូរគមនាគមន៍ថ្មីចំនួន ១០កន្លែង សម្រាប់បំពាក់បរិក្ខារបញ្ជូលស៊ីញ៉ាល់ ប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីស្វ័យប្រវត្តិ និងការិយាល័យអាជីវកម្ម នៅទីតាំង ព្រៃទទឹង តាខ្មៅ តាកែវ ត្រាំកក់ បន្ទាយមាស កំពង់ត្រាច កែប កំពត ព្រៃនប់ និងក្រុងព្រះសីហនុ។
គួរជម្រាបដែរថា បណ្តាញនេះ អាចផ្តល់សេវាទូរគមនាគមន៍ទំនើប ដែលអាចផ្តល់សេវាសំឡេង ទិន្នន័យ និងវីដេអូ ក្នុងពេលតែមួយ ព្រមទាំងប្រព័ន្ធទំនើបផ្សេងៗទៀត៕
មតិយោបល់