ព័ត៌មានសេដ្ឋកិច្ច

រយៈពេល២៣ឆ្នាំ កម្ពុជា ខ្ចីឥណទានសម្បទានបាន ៨ពាន់លាន$ សងវិញបាន ៨៨៥លាន$

ក្នុងរយៈពេល ២៣ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៦ ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួនជាង ៨.៣ពាន់លានដុល្លារអាមេរិក និងទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ៨៨៥លានដុល្លារអាមេរិក។ នេះបើយោងតាម ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ៣ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋាភិបាលកម្ពុជា ក៏បានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួនប្រមាណ ៥.៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៧០ភាគរយ នៃទំហំឥណទានសម្បទានសរុប។

ចំពោះទំហំកម្ចីដែលធំជាងគេ គឺបានមកពី ប្រទេសចិន ៣.៦ពាន់លានដុល្លារអាមេរិក (ទ្វេភាគី) និង ធនាគារអភិវឌ្ឍន៍អាស៊ី ២ពាន់លានដុល្លារអាមេរិក (ពហុភាគី)។

គោលដៅនៃការខ្ចីឥណទានសម្បទានទាំងនេះ គឺសុទ្ធតែសម្រាប់ហិរញ្ញប្បទានលើ គម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធ គ្របដណ្តប់ប្រមាណ ៨៦ភាគរយ និងវិស័យអាទិភាពផ្សេងទៀតប្រមាណ ១៣ភាគរយ។

តាមការសន្និដ្ឋាន ដោយផ្អែកតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្នមាន ចីរភាព និងហានិភ័យកម្រិតទាប៕

ទាញយកឯកសារពេញ៖ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ៣

មតិយោបល់