តម្លៃស្រូវ-អង្ករ នៅកម្ពុជា បានកំពុងតែធ្លាក់ចុះ ខណៈទីផ្សារសម្រាប់នាំចេញទៅបរទេស មានទំហំធំរហូតដល់ទៅ ១.១លានតោនក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីការប្រមូលទិញ ស្រូវ អង្ករ សម្រាប់ការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់ឆ្នាំ ២០១៦-២០១៧ កាលពីព្រឹក ថ្ងៃទី១៦ ខែកញ្ញានេះ។
លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា មានមូលហេតុចំបងធំៗ ៤ ដែលបណ្តាលឲ្យតម្លៃស្រូវ-អង្ករ ធ្លាក់ចុះគឺ បណ្តាលមកពីកង្វះខាតក្នុងការផ្តល់ព័ត៌មានពី តម្រូវការទីផ្សារ និងអង្ករដែលផលិតបាន, មូលនិធិមិនគ្រប់គ្រាន់ សម្រាប់ប្រមូលទិញស្រូវ យកមកកិន និង នាំចេញ, មានឃ្លាំងសម្រាប់តម្កល់ទុកមិនគ្រប់គ្រាន់ ជាហេតុធ្វើឲ្យ រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ មិនអាចរក្សាស្រូវ តម្កល់ទុកបានយូរឡើយ, មានឈ្មួញខិលខូច នៅតាមជនបទ ឆ្លៀតឱកាសបង្អាប់ថ្លៃទិញស្រូវពីកសិករ។
យ៉ាងណាមិញ ទីផ្សារក្រៅប្រទេសដែលកម្ពុជាអាចនាំចេញអង្ករទៅបាន មានរហូតដល់ទៅ ១.១លានតោន គឺទីផ្សារចិនមានទំហំ ២សែនតោន ឥណ្ឌូនេស៊ី ៤សែនតោន ទីម័រលេស ២សែនតោន និងអឺរ៉ុប ៣សែនតោន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ម្សិលមិញនេះ ធនាគារស្រូវ (កម្ពុជា) បានប្រកាសទិញស្រូវសែនក្រអូបសើមក្នុងតម្លៃចាប់ពី ៨៤០ រៀល ក្នុងមួយគីឡូក្រាម ពីកសិករផ្ទាល់នៅនឹងស្រែ និង ក្នុងតម្លៃចាប់ពី ៩០០រៀល ក្នុងមួយគីឡូក្រាម ពីកសិករនៅទីតាំងក្រុមហ៊ុន ធនាគារស្រូវ នៅផ្លូវជាតិលេខ ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយសម្រាប់កសិករដែលមិនទាន់ចង់លក់ស្រូវ អាចដឹកស្រូវមកសម្ងួត និងទុកផ្ញើនៅធនាគារស្រូវបាន។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏បានចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការនាំចូលអង្ករពីបរទេសផងដែរ ដោយយកពន្ធនាំចូល ៧ភាគរយ និង VAT ១០ភាគរយបន្ថែមទៀត ចំពោះអង្ករនាំចូល ក្នុងគោលបំណងទ្រទ្រង់តម្លៃអង្ករ និងជម្រុញការនាំចេញ៕

មតិយោបល់