ជប៉ុន បាននិងកំពុងផ្តោតលើការកែច្នៃដំឡូងមី ទៅជាឥន្ទនៈអេតាណុល នៅក្នុងខេត្តបាត់ដំបង ដែលនឹងចូលរួមដោះស្រាយបញ្ហាទីផ្សារដំឡូងមីនៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងរ៉ែ និងថាមពល។
លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន បានជួបពិភាក្សាជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ផ្តោតលើគម្រោងអភិវឌ្ឍន៍ជម្រុញ ការប្រើប្រាស់ Bio-ethanol ដើម្បីផលិតជាសារធាតុល្បាយចំហេះ លាយជាមួយប្រេងឥន្ធនៈប្រើប្រាស់សម្រាប់ដំណើរការយានយន្ត។
ការអភិវឌ្ឍនេះ ផ្តល់នូវផលចំណេញពីយ៉ាង គឺបង្កើនទីផ្សារសម្រាប់កសិករដាំដំឡូងមី ព្រមទាំងកាន់បន្ថយចំណាយលើប្រេងឥន្ធនៈ។
គម្រោងអភិវឌ្ឍន៍នេះ គ្រោងធ្វើឡើងនៅខេត្តបាត់ដំបង ដោយក្រុមហ៊ុនជប៉ុន ផ្តល់ផលប្រយោជន៍ដល់កសិករ តាមរយៈការអនុវត្តផលិតកម្មតាមកិច្ចសន្យា និងផ្គត់ផ្គង់តម្រូវក្នុងស្រុកផងដែរ។
រដ្ឋាភិបាលជប៉ុន ក៏បានបង្ហាញនូវឆន្ទៈគាំទ្រដល់សហគមន៍កសិកម្មកម្ពុជា តាមរយៈការជម្រុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកទេសកសិកម្មថ្មី ដែលធានានូវសុវត្ថិភាពកសិផល។
គួររម្លឹកដែរថា ក្រុមហ៊ុន SINGSONG Industrial (Cambodia) របស់ប្រទេសកូរ៉េ បានបោះទុនប្រមាណជា ៣០លានដុល្លារអាមេរិក សាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដីទំហំជិត ២៣ហិកតា ស្ថិតក្នុងខេត្តក្រចេះផងដែរ៕
មតិយោបល់