ជាមួយនឹងការផ្ដល់ឱ្យបេក្ខភាពខេត្តកំពង់ឆ្នាំង ដែលជាខេត្តដំបូងគេ នៅជាប់បឹងទន្លេសាប សម្រាប់ការរៀបចំបុណ្យទន្លេលើកទី៥ ឆ្នាំ ២០១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ ២០២០ បេក្ខភាពខេត្តដែលត្រូវទទួលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យទន្លេ ត្រូវតែជាខេត្តដែលមានការអភិវឌ្ឍ និងអភិរក្ស។
កម្ពុជា មានខេត្តជាច្រើននៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហើយទន្លេទាំងអស់នេះបាន ផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋយើង។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរ ខេត្តនីមួយៗត្រូវបន្តយកចិត្តទុកដាក់ និងថែរក្សាចំពោះទន្លេ ជាពិសេសខេត្តណាដែលមានទន្លេ ឬបឹងបួរ ក្នុងខេត្តនោះ គឺត្រូវតែចូលរួមថែរក្សា ការពារ ដូចជាមានករណីបាក់ច្រាំងទន្លេជាដើម ត្រូវមានវិធានការទប់ស្កាត់កុំឱ្យបាក់បន្ត ដើម្បីកុំឱ្យមានការរាលដាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមតំបន់ជាប់ដងទន្លេ បានរួមចំណែកបង្កើន ឧត្តមភាពប្រៀបធៀប (Comparatives Advantage) ក្នុងការអភិវឌ្ឍទេសចរណ៍នៅកម្ពុជា។សក្តានុពលទាំង នេះបានធ្វើឱ្យកម្ពុជាកំពុងទទួលស្វាគមន៍កំណើននៃការមកដល់ទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ កន្លងទៅចំនួនទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួនប្រមាណ ៥.៦លាននាក់ ក្នុងអត្រាកំណើន ២ខ្ទង់ប្រមាណ ១១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៦។
តាមការព្យាករណ៍នៅឆ្នាំ ២០២០ កម្ពុជា អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ ២០២៥ ប្រមាណ ១១លាននាក់ និង ឆ្នាំ២០៣០ ប្រមាណ ១៥លាននាក់ ព្រមជាមួយភ្ញៀវទេសចរជាតិរាប់លាននាក់ផ្សេងទៀត។
នៅក្នុងពិធីបុណ្យទន្លេលើកទី៤នេះ គណៈកម្មការអន្តរក្រសួង បានរៀបចំ ឱ្យមានសកម្មភាពសំខាន់ៗមួយចំនួន ដូចជា ពិធីបួងសួងសុំសេចក្តីសុខដែលបានរៀបចំកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។ កម្មវិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរពិធីបុណ្យទន្លេលើកទី៤ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។សិក្ខាសាលាក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តភាពទេសចរណ៍» ការប្រឡងប្រណាំងគុណភាពសេវាកម្មទេសចរណ៍ និងការជូនរង្វាន់ដល់មូលដ្ឋានអាជីវកម្មដែលមានស្នាដៃ ឆ្នើម ជាពិសេសរមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កាណូតទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធនានា។ សកម្មភាពកីឡា ដែលមានដូចជារត់ប្រណាំងកម្សាន្ត ៣គ.ម ទៅ ៥គ.ម ការប្រកួតកីឡាបាល់ ទាត់ និងបាល់ទះមិត្តភាពកម្ពុជា-វៀតណាម (ខេត្តអានយ៉ាង) កីឡាប្រណាំងកង់ ៣៥គ.ម កីឡាជិះកង់កម្សាន្ត ១០គ.ម ប្រដាល់គុនខ្មែរ និងប្រដាល់សកល ចំបាប់បុរាណមហាជនការប្រកួត អុកចត្រង្គ ការប្រណាំងទូកប្រពៃណីខ្នាតវែង និងកីឡាហែលទឹកឆ្លងទន្លេ។ល។
ការរៀបចំព្យុះហាយាត្រាលើទឹកលើកទី១ និងការបណ្តែតប្រទីបអបអរសាទរពិធីបុណ្យទន្លេលើកទី៤។
ការរៀបចំការតាំងបង្ហាញស៊ីក្លូជាផលិតផលទេសចរណ៍ និងជាមធ្យោបាយដឹក ជញ្ជូនទេសចរណ៍បៃតង (Green Transport) និងការរៀបចំជាខ្សែទស្សនកិច្ចស៊ីក្លូសម្រាប់ភ្ញៀវ ទេសចរជិះកម្សាន្តក្នុងពិធីបុណ្យ។ មហោស្រព ម្ហូបអាហារខ្មែរ (Cambodian Gastronomy) ស្រា និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិ- ទេសចរណ៍ និង ផលិតផលខ្មែរដែលមានប្រមាណ ៥០០ស្តង់។ ការប្រគំតន្ត្រី ការសម្តែងទស្សនីយភាព សិល្បៈ និងការបាញ់ កាំជ្រួចអបអរសាទរ ព្រមជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយផ្សេងៗទៀតជាច្រើន៕
មតិយោបល់