ហាងកាហ្វេ Amazon ស្តេនអឺឡូន សាខាបឹងកក់ ដែលចំណាយដើមទុនវិនិយោគប្រមាណ ២៦ម៉ឺនដុល្លារអាមេរិក បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃនេះ។
ស្ថាបនិកជនជាតិខ្មែរ ២រូប គឺលោក ទេព អូន និងលោក កែវ ចំរ៉ុង បានចាប់ដៃគ្នាបង្កើតក្រុមហ៊ុន COR Investment ដែលវិនិយោគលើ ហាងកាហ្វេ Amazon នេះឡើង ក្រោមរចនាបថពិសេសគឺ បែបផ្ទះកញ្ចក់។
លោក ទេព អូន បានឲ្យដឹងថា ការរចនាបែបផ្ទះកញ្ចក់ គឺអាចឲ្យអតិថិជនមើលឃើញពី ទេសភាពនៅជុំវិញតំបន់នោះ ដោយពុំមានការបិទបាំងអ្វីទាំងអស់ ដែលបង្កើតជា បរិយាកាសដ៏ស្រស់ស្រាយ សម្រាប់អតិថិជន អាចសម្រាកលម្ហែបាន។
លើសពីនេះទៅទៀត ហាងកាហ្វេ Amazon សាខាបឹងកក់ បោះគោលដៅចំទីតាំងដ៏មានសក្តានុពលបំផុត គឺចំណុចកណ្តាលទីក្រុងគុជភ្នំពេញស៊ីធីសេនធឺ តាមបណ្តោយផ្លូវហាយវ៉េ បឹងកក់ ដែលជាតំបន់ទំនើប ប្រមូលផ្តុំទៅដោយ អគារខុនដូ សាលាអន្តរជាតិ និងផ្សារទំនើបជាដើម។
លោក សុធន ឈូធៀង អគ្គនាយកក្រុមហ៊ុន ភីធីធី ខេមបូឌា ក៏បានកោតសរសើរពី ការជ្រើសរើសទីតាំងហាងកាហ្វេ Amazon សាខាបឹងកក់នេះ ដែលជាសាខាទី ៤២ នៅកម្ពុជា ដោយរំពឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។
គួរជម្រាបដែរថា ហាងកាហ្វេ Amazon សាខាបឹងកក់ ចំណាយពេលប្រមាណ ៨ខែ លើការសាងសង់ ហើយគ្រោងនឹងពង្រីកសាខាបន្ថែម ក្នុងពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់