ព័ត៌មានសេដ្ឋកិច្ច

ក្រសួងសាធារណការ ស្នើរៀបចំយុទ្ធនាការ ផាក ១៥០០០រៀល ផ្តល់ជូនមួកសុវត្ថិភាពមួយ

យុទ្ធនាការផាក ១៥០០០រៀល ផ្តល់ជូនមួកសុវត្ថិភាព អាចនឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន មានមួកសុវត្ថិភាពចំនួន ១០០០មួក ដែលបានសុំពីក្រុមហ៊ុនឯកជន ឲ្យជួយឧបត្ថម្ភ សម្រាប់ចែកជូនក្នុងយុទ្ធនាការនេះ។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដោយការមិនពាក់មួកសុវត្ថិភាព ក្រសួងសាធារណការ និងដឹកជញ្ជូន សំនូមពរ​ សហការជាមួយសមត្ថកិច្ច ស្នើរៀបចំយុទ្ធនាការផាកពិន័យនៅពេលកំណត់ណាមួយ​ ហើយចែកមួកសុវត្ថិភាព ដែលអាចធ្វើឡើងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗ។ នេះបើយោងតាមយោបល់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ស្នើទៅ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងរបាយការណ៍សង្ខេបស្តីពី លទ្ធផលនៃកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី ១ ឆ្នាំ ២០១៧។

នៅក្នុងរបាយការណ៍សង្ខេបដដែល បានឲ្យដឹងថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៧ ករណីអ្នកជិះម៉ូតូស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មាន ៧០៧នាក់ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពមានរហូតដល់ទៅ ៨២ភាគរយ។

សម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើឲ្យមានការជម្រុញ អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពី អត្ថប្រយោជន៍នៃមួកសុវត្ថិភាពនេះ នឹងត្រូវអំពាវនាវសប្បុរសជនក្នុងការជួយឧបត្ថម្ភ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលខ្វះខាតថវិកាក្នុងការទិញមួកសុវត្ថិភាព។

ជាចុងក្រោយ សម្តេច ស្នើឲ្យគ្រប់រាជធានី ខេត្ត បន្តការអនុវត្ត និងរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ឲ្យបានទាន់ពេល៕

មតិយោបល់