ការលេងសើចលើសលោះក្នុងកម្មវិធី«ពេញចិត្តអត់ ថ្ងៃអាទិត្យ» ពីសំណាក់អ្នកបង្ហោះវីដេអូវាយប្រហារមួយរូប បានធ្វើឲ្យតារាកំប្លែងនាយពែកមី បាក់ទឹកចិត្តនឹងការប្រឈមមុខយ៉ាងខ្លាំង ជាពិសេសក្រោយពេលវីដេអូដែលរិះគន់លោកចាយចាយគគ្រឹកគគ្រេងហើយ ត្រូវអ្នកលេងហ្វេសប៊ុកផ្សេងទៀតបន្ថែមល្បោយនឹងពាក្យវាយសំពងធ្ងន់ៗ។
លោកថាលោកគ្រាន់តែចង់ឲ្យមហាជនសើចសប្បាយប៉ុណ្ណោះ ប៉ុន្តែនៅពេលជ្រុលបន្តិចក៏ត្រូវមហាជនជេរដោយមិនសំចៃមាត់បែបនោះ ហាក់ធ្វើឲ្យលោកបាក់ទឹកចិត្ត និងចង់ដកខ្លួនពីសិល្បៈវិលទៅរកអាជីពចាស់។
លោកនិយាយថាក្លាយខ្លួនជាតារាសិល្បៈមិនស្រួលដូចអ្វីដែលមហាជនបានគិតនោះទេ ដោយសារតែភាពជាក់ស្ដែងគឺសម្ដែងទៅល្អក៏មានអ្នកសរសើរ ប៉ុន្តែបើខុសបន្តិចបន្តួចគឺជេរប្រមាថហុយផ្សេង ដែលក្នុងពេលខ្លះគឺចង់រាថយ។
ឆ្លងកាត់ការរិះគន់ដែលបានកើតឡើងជុំវិញកំហុសឆ្គងដែលលោកបានបង្ហាញក្នុងកម្មវិធី «ពេញចិត្តអត់» កាលពីពេលថ្មីៗ លោកបានប្រកាសថាហាក់ធ្វើឲ្យលោកមានសម្ពាធ និងមិនចង់ហ៊ានសម្ដែងទៀតទេ ក្នុងពេលលោកចេះតែមានអារម្មណ៍បើហ៊ានតែខុសណាមួយគឺពិតជាអ្នកចាំចាប់កំហុស។ លោកអះអាងថានៅពេលដែលមានគេជេរច្រើនពេក ហាក់ដូចជាធ្វើឲ្យលោកកាន់តែបាក់ទឹកចិត្ត និងចង់ត្រឡប់ទៅធ្វើសំណង់ដូចដើម ដោយសារតែខ្លួនពិបាកទ្រាំនឹងការជេរប្រមាថលែងចង់កើត។
លោកនិយាយថា «ខ្ញុំដល់ពេលខុសអីតិចគេជេរឆ្គងអីតិចគេជេរ ចង់តែឈប់សិល្បៈហើយទៅធ្វើសំណង់វិញទេ ព្រោះធ្វើសំណង់ដូចអត់មានអ្នកជេរអ៊ីចឹងទេ ហើយបើមេការស្ដីថាឲ្យខ្លះតែគេបើកលុយឲ្យ តែបើក្នុងសិល្បៈគេជេរហើយទៅបាត់ៗ គឺបាក់ទឹកចិត្តមែនទែន»។
លោកថាអ្នករិះគន់សព្វថ្ងៃចូលចិត្តប្រមាថ និងជេរផ្ដាសារតែម្ដង ជំនួសឲ្យពាក្យស្ថាបនានៅពេលតារាម្នាក់ៗសាងកំហុស។ ក្នុងនោះលោកក៏សម្ដែងការហួសចិត្តផងដែរ ដែលសកម្មភាពតារាសិល្បៈច្រើនឡើងត្រូវគេចាំចាប់កំហុសដែលលោកបញ្ជាក់ថាពេលខ្លះ គ្រាន់តែជារឿងតូចប៉ុណ្ណោះ ប៉ុន្តែចែកចាយហើយរួមគ្នាជេរប្រទិចឲ្យក្លាយជារឿងធំដុំ ធ្វើឲ្យតារាដែលរងការរិះគន់បាត់បង់កម្លាំងចិត្ត។
យ៉ាងណាមិញ លោកថានៅមិនទាន់ដល់ពេលដែលដើរចេញពីការងារសិល្បៈព្រោះតែហេតុផលប៉ុណ្ណឹងទេ បើទោះជាលោកបញ្ជាក់ថាពិតជាបាក់ទឹកចិត្តក្នុងពេលគេជេរលើសពីអ្វីដែលលោកជ្រុលខុស៕
មតិយោបល់