ព័ត៌មានកីឡា

បើទិញ Coutinho មិនបាន Barcelona នឹងទិញ Ozil ជំនួសវិញ

ក្រុម Barcelona មានមហិច្ចតាយ៉ាងខ្លាំង ក្នុងការទិញយក Philippe Coutinho ពីក្រុមហង្សក្រហម Liverpool ក្រោយពី Neymar ចាកចេញ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា បើមិនអាចទិញបាន Coutinho ទេ ក្រុម Barcelona នឹងទិញយក Mezut Ozil ពីក្រុមកាំភ្លើងធំ Arsenal វិញ។ ជាក់ស្តែងណាស់ ប្រភពដដែលបានឲ្យដឹងថា ក្រុម Barcelona បានត្រៀមទឹកប្រាក់ រហូតដល់ទៅ ៥៣លានផោន ដើម្បីនាំយក Ozil ពីក្រុម Arsenal ។ ការចំណាយលើការទិញ Ozil នេះ ដូចជាមិនច្រើនដល់ ការទិញ Coutinho ឡើយ ព្រោះថា ខ្សែបម្រើប្រយុទ្ធប្រេស៊ីលរូបនេះ អាចមានតម្លៃខ្លួនដល់ទៅខ្ទង់ ១០០លានផោន ផងដែរ។

ហេតុនេះហើយ បើទិញ Ozil វិញ ក្រុម Barcelona អាចសល់លុយជាងពាក់កណ្តាលឯណោះ។ ក៍ប៉ុន្តែ ក្រុម Barcelona មានបំណងចង់បាន Philippe Coutinho ជាង Mezut Ozil ព្រោះថា Coutinho នៅក្មេងជាង ហើយមានសមត្ថភាពជាង។ ម្យ៉ាងវិញទៀតនោះ Ozil ជាអតីតកីឡាករ របស់ក្រុម Real Madrid ដែលជាហេតុធ្វើឲ្យ ក្រុម Barcelona រារែកចិត្ត ក្នុងការទិញកីឡាកររូបនេះ។

យ៉ាងណាក៍ដោយ ក្រុម Barcelona បានជ្រើសផ្លូវរួចហើយ ប្រសិនបើ ទិញមិនបាន Coutinho កីឡាករ Ozil គឺជាគោលដៅ របស់ក្រុមយក្សអេស្ប៉ាញមួយនេះ។ ដូច្នេះហើយ Ozil កំពុងស្ថិតនៅក្នុងគោលដៅមួយរបស់ក្រុម Barcelona ប្រសិនបើ Coutinho មិនមក Barcelona នោះ។

មតិយោបល់