ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ (Khmer Organic Cooperative) ដែលជាក្រុមហ៊ុនកសិកម្មក្នុងស្រុកមួយ ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពកសិកម្មសរីរាង្គស្តង់ដាសហភាពអឺរ៉ុប ដែលនេះជាវិញ្ញាបនបត្រដំបូងនៅកម្ពុជា សម្រាប់ចម្ការបន្លែ និងផ្លែឈើ។
ស្ថាបនិកក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ លោក អៀង សុធារ៉ា មានប្រសាសន៍ថា ដោយមើលឃើញថា បញ្ហាបន្លែផ្លែឈើមានជាតិគីមី គឺជាបញ្ហាដែលប្រជាពលរដ្ឋខ្មែរកំពុងប្រឈមនាពេលបច្ចុប្បន្ន ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ បានរួមចំណែកក្នុងការលើកកម្ពស់ការធ្វើកសិកម្មបែបសរីរាង្គ។លោកបន្តថា ក្រុមហ៊ុនលោកបានចំណាយធនធាន និងរយៈពេលច្រើនឆ្នាំ ក្នុងការស្នើសុំវិញ្ញាបនបត្រសរីរាង្គស្ដង់ដាអឺរ៉ុបនេះ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន។
វិញ្ញាបនបត្រសរីរាង្គស្តង់ដាអឺរ៉ុបនេះត្រូវបានផ្តល់ទៅលើបន្លែនិងផ្លែឈើសរុប ៥៨ប្រភេទក្នុង កសិដ្ឋានពីរកន្លែងរបស់ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ គឺកសិដ្ឋានរមណីយដ្ឋានពិកនិកតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងខេត្តព្រះស៊ីហនុ និងកសិដ្ឋាន Eco-Agri Farm ដែលស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមអបអរចំពោះ ការទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពកសិកម្មសរីរាង្គស្តង់ដាសហភាពអឺរ៉ុបនេះ ហើយនឹងបន្តជួយគាំទ្រ ជ្រោមជ្រែងឲ្យមានការផ្លាស់ប្តូរពី សហករណ៍ ទៅជា សហគមន៍ ដើម្បីរក្សាបាននូវ ការទទួលស្គាល់នេះ បន្តទៅមុខប្រកបដោយនិរន្តរភាព។
លោក គ្រី សុជាតិ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុន Control Union ដែលជាស្ថាប័នវាយតម្លៃនិងចេញវិញ្ញាបនបត្រសរីរាង្គ មានប្រសាសន៍ថា មុននឹងផ្តល់វិញ្ញាបនបត្រសរីរាង្គស្ដង់ដាអឺរ៉ុបទៅក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ក្រុមហ៊ុនលោកបានត្រួតពិនិត្យ វាយតម្លៃ និងឆ្លងកាត់បែបបទសំខាន់ៗជាច្រើនដំណាក់កាល ទាំងការវាយតម្លៃការរៀបចំឯកសារនៅក្រុមហ៊ុននិងនៅកសិដ្ឋានផ្ទាល់។
លោក អៀង សុធារ៉ា អះអាងថា ដើម្បីជំរុញការធ្វើកសិកម្មសរីរាង្គក្រុមហ៊ុនលោកនឹងបន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងជំរុញការអនុវត្តកសិកម្មសរីរាង្គបែបកិច្ចសន្យាជាមួយកសិករផ្ទាល់។
លោកថា ការទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពកសិកម្មសរីរាង្គស្តង់ដាសហភាពអឺរ៉ុបនេះ នឹងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ ព្រមទាំងរួមចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ផងដែរថា បន្លែផ្លែឈើសរីរាង្គ និងបន្លែផ្លែឈើធម្មជាតិ មានរសជាតិ និងវីតាមីនមិនដូចគ្នានោះទេ ហើយការដាំដុះនិងថែរទាំវិញក៏មិនដូចគ្នាដែរ។ ការដាំដុះបែបសរីរាង្គគឺជាការដាំដុះមួយ ដែលអ្នកបច្ចេកទេស ត្រូវត្រួតពិនិត្យទាំងទីតាំងដីដែលត្រូវដាំដុះ ការដាក់ជីសរីរាង្គ និងថ្នាំពុលសរីរាង្គជាដើម។ ដូច្នេះហើយទើបធ្វើឲ្យបន្លែនិងផ្លែឈើសរីរាង្គមានរសជាតិនិងសារធាតុចិញ្ចឹមច្រើនជាង បន្លែផ្លែឈើធម្មជាតិ។ រីឯការដាំដុះតាមបែបធម្មជាតិវិញ គឺពុំមានការគិតគូរពីទីតាំងដែលត្រូវដាំដុះនោះទេ ពោលគឺដូចជាការដាំដំណាំនៅក្បែរផ្ទះ ដោយដាំពឹងផ្អែកទៅលើដីនោះមានជីវជាតិស្រាប់ ដោយមិនចាំបាច់ដាក់ជីអ្វីបន្ថែមនោះទេ គ្រាន់តែដាក់លាមកសត្វ និងកាកសំណល់ផ្សេងៗតែប៉ុណ្ណោះ៕
មតិយោបល់