ព័ត៌មានសិល្បៈ និងកម្សាន្ត

បាត់ស្រមោលចង់៥ឆ្នាំ អ្នកនិពន្ធល្បីឈ្មោះ ចន្ទ មល្លិកា ងាកមកសាងស្នាដៃភាពយន្ត

ប្រហែលជាអ្នកនៅចាំមិនទាន់ភ្លេចនូវបទចម្រៀងល្បីៗរបស់អ្នកនិពន្ធល្បីឈ្មោះ ចន្ទ មល្លិកា នោះទេ ជាពិសេសទឹកដៃក្នុងការនិពន្ធបទ«ចាំទាំងត្រដរ», «វេលាទឹកភ្នែក», «ពេលណាអូនស្មោះ», «មុនបងស្គាល់គេ អូននៅទីណា»,ដែលច្រៀងដោយកំពូលតារាចម្រៀងល្បីៗនោះ។ ក្នុងរយៈពេលចុងក្រោយ មានការប៉ាន់ស្មានជាច្រើនថា នាងបានជ្រកក្នុងទ្រនំរបស់ផលិតកម្មថោន ក្នុងពេលដែលនាង បានប្រកាសប្រាប់ថា ប្រមាណជា៤ឆ្នាំចុងក្រោយ គឺមិនបានជ្រកក្នុងទ្រនំណាមួយទេ គឺស្ថិតនៅជាអ្នកនិពន្ធឯករាជ្យប៉ុណ្ណោះ។

អ៊ីចឹងហើយទើបកាន់តែមានការចាប់អារម្មណ៍ទៅទៀត នៅពេលមានការទម្លាយថាអ្នកនិពន្ធរូបនេះ ក្រៅពីមិនបានជ្រកក្នុងផលិតកម្មណាមួយក្នុងរយៈពេលបាត់មុខ ក៏ត្រៀមនឹងបញ្ចេញស្នាដៃផលិតភាពយន្ តដើម្បីធ្វើអោយរញ្ជួយពិភពសិល្បៈនោះផង។ ដំណឹងផ្លូវការបានអះអាងថា អ្នកនិពន្ធទំនុកច្រៀង ដែលធ្លាប់បានសាងកេរ្តិ៍ឈ្មោះបោះសំលេង និងបទពិសោធន៍យ៉ាងជោគជាំរូបនេះ មិនបានជ្រកនៅក្នុងផលិតកម្មថោន ដូចអ្វីដែលបានសង្ស័យក្រោយពីនាង បានចាកចេញពីផលិតកម្មហង្សមាសនោះទេ។ ផ្ទុយទៅវិញនាងបានបណ្តែតខ្លួនយ៉ាងជោគជ័យមិនខុសគ្នានៅក្នុងការងាររៀបចំ Event ធំៗ ដោយមានការប្រគំតន្ត្រីតូចធំរាប់មិនអស់ ត្រូវបាននាងដេញថ្លៃបាន ហើយមានការទទួលស្គាល់ថា មានស្នាដៃមិនខុសគ្នា នឹងពេលនាងបាននិពន្ធបទចម្រៀងមួយៗប្រគល់អោយតារាចម្រៀងម្នាក់ៗច្រៀងហើយបានល្បី។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនិពន្ធ ចន្ទ មល្លិកា និយាយថា នាង អត់មានជ្រកក្នុងផលិតកម្មណាមួយ ប្រមាណជា៥ឆ្នាំចុងក្រោយ ប៉ុន្តែមកពីការងារថ្មីដែលនាងចេញធ្វើមិនបានប្រកូកប្រកាសអោយបានបើកចំហរ ទើបមនុស្សភាគច្រើនយល់ថា នាងសម្ងំធ្វើជាអ្នកនិពន្ធមិនចេញមុខនៅក្នុងផលិតកម្មថោន។ កញ្ញាបន្តថា ក្នុងរយៈពេលបាត់មុខកញ្ញាមមាញឹកយ៉ាងខ្លាំង ជាមួយនឹងការគ្រប់គ្រងឆាកតន្ត្រីខេត្តក្រុង ប៉ុន្តែកញ្ញា នឹងដកឃ្លាពីកិច្ចការនោះងាកមកផលិតស្នាដៃភាពយន្តវិញម្ដង ដើម្បីបញ្ចេញស្នាដៃអោយនៅក្នុងវិស័យនេះមួយទៀត ក្នុងពេលដែលដ៏ខ្លី។ កញ្ញាថា មកទល់បច្ចុប្បន្នវិស័យភាពយន្តកាន់តែមានការរីកចំរើន ហើយបើទោះជាមាននិពន្ធច្រើនឡើង និងផលិតករច្រើនឡើង ក៏នាងនៅតែអះអាងថា វិស័យមួយនេះ នៅមិនទាន់គ្រប់គ្រាន់ សម្រាប់ធនធានផលិតដែលមានទម្រង់ប្រកួតប្រជែងនៅឡើយទេ។

កញ្ញាថានឹងប្រើបទពិសោធន៍របស់ខ្លួនបញ្ចេញស្នាដៃ ក្នុងវិស័យភាពយន្តអោយបានល្អ ដើម្បីពង្រីកមហិច្ចិតាផង និងរួមចំណែកកសាងស្នាដៃនៅក្នុងវិស័យភាពយន្តផង។ អ្នកនិពន្ធ ចន្ទ មល្លិកា បានបន្តទៀតថា កញ្ញាត្រៀមខ្លួនរួចហើយ ក្នុងការបើកឆាក ស្នាដៃភាពយន្តរបស់ខ្លួន ដោយភាពយន្តនោះ គឺជាប្រភេទរឿងភាគហើយទស្សនិកជននឹងមានការភ្ញាក់ផ្អើល នៅពេលមានការប្រកាសថា កញ្ញាបានសម្រេចបញ្ចេញស្នាដៃជាមួយផលិតកម្មណាមួយ។ នៅមិនទាន់មានការទម្លាយថា ផលិតកម្មណាមួយ ដែលចន្ទ មល្លិកា នឹងសម្រេចចាប់ដៃផលិតភាពយន្តភាគអោយនោះទេ ប៉ុន្តែយោងតាមការបែកធ្លាយ គឺជាផលិតកម្មរបស់អតីតអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះម្នាក់ ដែលកំពុងមានការទទួលស្គាល់ពីអ្នកស្នេហាវិស័យភាពយន្តភាគ តាមរយៈរឿង«ទឹកភ្នែកកក» ដែលបានទទួលជោគជ័យនៅលើកញ្ចក់ទូរទស្សន៍បាយ័ន។ យ៉ាងណាមិញ កញ្ញាមល្លិកា បដិសេធប្រាប់អោយដឹងពីឈ្មោះផលិតកម្ម ដោយគ្រាន់តែទទួលស្គាល់ថា ផលិតកម្មដែលមហាជននឹងឃើញស្នាដៃភាពយន្តរបស់នាង គឺជាផលិតកម្មក្នុងស្រុកដែលមានស្ដង់ដារ និងស្នាដៃក្នុងការផលិតកុន និងថាបើចង់ដឹងថាតើជាផលិតកម្ម សាស្រ្តារបស់អ្នកនាង ប៊ុន ចាន់និមល ឬក៏មិនមែន គឺមានតែចាំអ៊ុតមើល៕

មតិយោបល់