ព័ត៌មានសេដ្ឋកិច្ច

រថភ្លើងអាកាសតម្លៃជាង ៨០០លាន$ ប្រវែង១៨គ.ម ចេញពីផ្សារធំថ្មី ទៅព្រលានយន្តហោះភ្នំពេញ

នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គម្រោងរថភ្លើងអាកាស តម្លៃជាង ៨០០លានដុល្លារអាមេរិក ប្រវែង ១៨គីឡូម៉ែត្រ នឹងបើកចេញពី ផ្សារធំថ្មី ទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ​បានឯកភាពឲ្យមានការសិក្សាលើ គម្រោងរថភ្លើងធុនស្រាលលើអាកាសនៅកម្ពុជា ជាការឆ្លើយតបទៅនឹង ការស្នើសុំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើឲ្យភាគីជប៉ុន ជួយកសាងខ្សែរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសនៅកម្ពុជា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បាននិងកំពុងសិក្សា លទ្ធភាពអនុវត្តគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិធុនស្រាល (AGT) ក្នុងរាជធានីភ្នំពេញ។

បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៨គីឡូម៉ែត្រ និងចំណាយប្រមាណ ៨០០លានដុល្លារអាមេរិក។

រថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស ជាមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏មានប្រសិទ្ធិភាព ដែលរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ហើយទីភ្នាក់ងារ JICA ក៏បានស្នើសុំសិក្សាបន្ថែមលើ ផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធ ដើម្បីដំណើរការក្នុងរាជធានីភ្នំពេញ។

តាមការឲ្យដឹងពីតំណាង JICA គឺពួកគេអាចចាប់ផ្តើមសិក្សាពីចំនុចមហាវិថីព្រះមុនីរ៉េត (ស្តាតអូឡាំពិក) ទៅកាន់ចោមចៅ (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ)។

នៅពេលដែលគម្រោងនេះ សម្រេចបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាការលើកស្ទួយដល់សេវាដឹកជញ្ជូន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

 

មតិយោបល់