ធនាគារពិភពលោក បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជា ដែលកំពុងផ្លាស់ប្តូរទៅជា ប្រទេសប្រាក់ចំណូលមធ្យមកម្រិតទាប នឹងត្រូវប្រឈមបញ្ហាជាច្រើន ដោយសារកម្ពុជា នឹងបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្ម ខណៈមូលនិធិម្ចាស់ជំនួយថយចុះ។
របាយការណ៍របស់ធនាគារពិភពលោក បានឲ្យដឹងទៀតថា ការបាត់បង់ការអនុគ្រោះពាណិជ្ជកម្ម និងការថមថយនៃមូលនិធិជំនួយ នឹងកើតឡើងស្របពេលដែល ប្រាក់បៀវត្សរ៍កំពុងបន្តកើនឡើង ហើយវាកាន់តែពិបាក ក្នុងការនាំចេញអង្ករ និងសម្លៀកបំពាក់ ក្នុងតម្លៃថោកដដែល។
ក្រៅពីនោះ តម្លៃផលិតផលកសិកម្ម នឹងកាន់តែចុះទាប ដែលធ្វើឲ្យកម្ពុជាធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្ម គឺកាន់តែលំបាកក្នុងការប្រកួតប្រជែង ទាមទារឲ្យមានការកែលម្អខាងផលិតកម្ម ជាចំាបាច់។
លើសពីនេះទៅទៀត ប្រជាជនកម្ពុជាភាគច្រើន ងាយនឹងរងគ្រោះដោយសារវិបត្តិអវិជ្ជមាន ដែលអាចបណ្តាលឲ្យពួកគាត់ធ្លាក់ចូលទៅ ក្នុងភាពក្រីក្រវិញ។
រីឯ ការធ្លាក់ចុះនៃធនធានធម្មជាតិ នឹងមានហានិភ័យដល់ស្ថេរភាពសេដ្ឋកិច្ចផងដែរ។
យ៉ាងណាមិញ ធនាគារពិភពលោក ប្តេជ្ញានឹងជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការវិនិយោគឲ្យទទួលបានលទ្ធផលខ្ពស់បំផុត។
យោងតាមរបាយការណ៍ដដែលនេះ បានគូសបញ្ជាក់ថា អ្វីដែលអាចជួយកម្ពុជាបានគឺ ពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងការនាំចេញ បង្កើតការងារឲ្យបានច្រើន និងល្អជាងមុនបន្ថែមទៀត កាត់បន្ថយចំនាយលើការធ្វើអាជីវកម្ម និងជម្រុញការវិនិយោគសាធារណៈរដ្ឋ-ឯកជន ពង្រឹងធនធានមនុស្សតាមរយៈការអប់រំជាដើម។
គួររម្លឹកដែរថា ធនាគារពិភពលោក បានបែងចែក និងត្រៀមថវិកាប្រមាណ ៥៤០លានដុល្លារអាមេរិក សម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៅកម្ពុជា ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
មតិយោបល់