ក្រុមហ៊ុន និងសហគ្រាសឯកជនបារំាង ប្រមាណជាង ៣០០ នឹងមកធ្វើការសិក្សាពីលទ្ធភាពវិនិយោគ និងធ្វើការវិនិយោគនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈមូលនិធិ Foundation Prospective Innovation (FPI)។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលជួបពិភាក្សាជាមួយ លោក Jean-Pierre RAFFARIN ប្រធានមូលនិធិ FPI ដែលជាអតីតនាយករដ្ឋមន្រ្តីបារាំង និងអ្នកការទូតជាច្រើនរូប អំពីទំនាក់ទំនងល្អរវាងកម្ពុជា-បារាំង កន្លងមករហូតដល់ពេលនេះ។
លោក ក៏បានលើកឡើងអំពី ប្រព័ន្ធអនុគ្រោះ Everything But Arms (EBA) ដែលអនុញ្ញាតឲ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមន៍អឺរ៉ុបដោយមិនជាប់ពន្ធ និងកាតព្វកិច្ចផ្សេងៗឡើយ។
ក្រៅពីនោះ លោក ប៉ាន សូរស័ក្តិ បានស្នើដល់ភាគីបារាំង ឲ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅកម្ពុជា ទៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងផលិតផលសក្តានុពលជាច្រើនទៀត។
ជាការឆ្លើយតប លោក Jean-Pierre RAFFARIN បានកោតសរសើរថា កម្ពុជា ពិតជាកម្លាំងពលកម្មគ្រប់គ្រាន់ មានធនធានធម្មជាតិសម្បូរណ៍បែប និងមានទីតាំងអំណោយផល សម្រាប់ធានាដល់ការវិនិយោគយូរអង្វែង។
ជាចុងក្រោយ លោក បញ្ជាក់ថា ក្រុមហ៊ុន និងសហគ្រាសឯកជនទាំងនោះ នឹងមកកម្ពុជា ដើម្បីបើកក្រុមហ៊ុន និងវិនិយោគលើវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភ័ណ្ឌ វិស័យកសិកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីជម្រុញការនាំចេញរបស់កម្ពុជា ឲ្យកាន់តែកើនឡើង៕
មតិយោបល់