ព័ត៌មានសេដ្ឋកិច្ច

ក្រសួងកសិកម្ម និង USAID ប្រកាសគម្រោងកម្ពុជាហាវែស II ក្នុងទំហំទឹកប្រាក់១៧លានដុល្លារ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង USAID បានប្រកាសជាផ្លូវការបើកគម្រោងថ្មី Feed the Future Cambodia Harvest II មានទំហំទឹកប្រាក់ជាង ១៧លានដុល្លារអាមេរិក និងអនុវត្តសម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២២ ដែលកម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះ។

គម្រោងនេះ នឹងជួយជម្រុញកំណើនសាកវប្បកម្មពាណិជ្ជកម្ម នៅតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ។

លោកស្រី ប៉ូលី ដាន់ហ្វូដ នាយិកាបេសកកម្មនៃ USAID ប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោង កម្ពុជា ហាវែស ទី២ នេះ នឹងជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាង អ្នកទិញ និងអ្នកផ្គត់ផ្គង់ ធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចទីផ្សារ ជាពិសេសជួយបង្កើតនូវ បរិស្ថានមួយដែលជួយឲ្យទីផ្សារសាកវប្បកម្មមានការរីកលូតលាស់។

មូលហេតុនៃការផ្តោតសំខាន់លើវិស័យនេះ គឺដោយសារប្រទេសកម្ពុជា ដាំដុះបន្លែត្រឹមតែ ១ភាគ៣ ប៉ុណ្ណោះនៃតម្រូវការរបស់ប្រជាជនខ្លួន ខណៈចំណាយប្រមាណ ២០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីនាំចូលបន្លែជាង ១៤០០តោន ពីប្រទេសជិតខាង។

គួរជម្រាបដែរថា គម្រោងនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ពោលគឺ កម្ពុជា មានលទ្ធភាពដំាដុះបន្លែមានសុវត្ថិភាពគ្រប់គ្រាន់ត្រឹមឆ្នាំ ២០៣០៕

មតិយោបល់