ម្ទេស គឺជាគ្រឿងផ្សំដ៏ពេញនិយមមួយប្រភេទសម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗឲ្យកាន់តែមានរសជាតិឆ្ងាញ់ ហើយវាត្រូវបានគេប្រើប្រាស់ពាសពេញពិភពលោក។ មនុស្សមួយចំនួនមិនសូវចូលចិត្តម្ទេសប៉ុន្មាននោះទេ ព្រោះយល់ថាវាហិរពិបាកទ្រាំ ក៏ប៉ុន្តែប្រសិនបើអ្នកបន្ថែមម្ទេសទៅក្នុងអាហារក្នុងកម្រិតសមល្មម មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍លើសលប់។
បង្ការជំងឺសរសៃឈាមបេះដូង
ម្ទេស មានសារធាតុផ្សំសកម្មដែលអាចជួយសម្រួលដល់ចរន្តឈាមទប់ស្តាត់ហានិភ័យនៃជំងឺសរសៃឈាមបេះដូង កាត់បន្ថយសម្ពាធឈាម និងកូឡេស្តេរ៉ុលនៅក្នុងខ្លួនផងដែរ។
ការពារជំងឺផ្តាសាយ
មិនថាតែជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមនោះទេ សារធាតុហិរនៅក្នុងផ្លែម្ទេសអាចការពារយ៉ាងមានប្រសិទ្ធភាព។
ប្រឆាំងនឹងការរលាក
គុណប្រយោជន៍មួយទៀតដែលគ្រប់គ្នានឹកស្មានមិនដល់ ពីការទទួលទានម្ទេសជាប្រចាំ គឺអាចប្រឆាំងនឹងការរលាកយ៉ាងមានប្រសិទ្ធភាព ជាពិសេសរលាកសន្លាក់តែម្តង។
កែលម្អប្រព័ន្ធរំលាយអាហារ
ការញ៉ាំម្ទេសច្រើនពេកអាចនាំឲ្យមានការផ្លាស់ប្តូរអង់ស៊ីមរំលាយអាហារ ក៏ប៉ុន្តែប្រសិនបើអ្នកញ៉ាំល្មមៗអាចជួយបង្កើនការបញ្ចេញទឹកមាត់ដើម្បីជួយឲ្យការរំលាយអាហារកាន់តែប្រសើរឡើង និងជៀតផុតពីជំងឺហើមពោះ។
បំបាត់ការឈឺចាប់
សារធាតុ Capsaicin ដែលមាននៅក្នុងផ្លែម្ទេស ត្រូវបានគេប្រើប្រាស់ជាទូទៅសម្រាប់ព្យាបាលការឈឺចាប់ក្រោយពេលវះកាត់ ឈឺសន្លាក់ ពងបែកក្នុងមាត់ និងជំងឺសើស្បែកមួយចំនួនផងដែរ។ ព្រោះសារធាតុ Capsaicin នេះហើយមានសមត្ថភាពអាចជួយរំញោចដល់រាងកាយ ក្នុងការកាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាព
សម្រកទម្ងន់
ម្រេច និងម្ទេស មានផ្ទុកសារធាតុ capsaicin ដែលជាកម្តៅដ៏ខ្លាំងក្លាយអាចជួយដុតថាមពលឲ្យបានត្រឹមត្រូវ បន្ទាប់ពីញ៉ាំអាហារ និងបង្កើនការរំលាយអាហារនៅក្នុងរាងកាយ។ ដូច្នេះវាជាអាហារដ៏ល្អបំផុតសម្រាប់អ្នកដែលមិនចង់ធាត់ និងចង់សម្រកទម្ងន់។
បើទោះបីជាអាហារហិរមានផលប៉ះពាល់ខ្លះៗក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកដឹងពីបរិមាណក្នុងការញ៉ាំបានត្រឹមត្រូវ នឹងទទួលបានប្រយោជន៍ហួសពីការស្មាន៕
ប្រភព៖ soha
មតិយោបល់