ចាន់ សុផានី ប្រតិកម្មព័ត៌មាន ហ្សូណូ ធ្វើខួបឲ្យកូនស្រី

ក្រោយពីសារព័ត៌មានមួយបានសរសេរថា តារាចម្រៀងមាស សុខសោភា ទៅ Surprise ខួបកំណើតឲ្យក្មេងស្រីឈ្មោះ រ៉ូមី ដោយសរសេរថាក្មេងស្រីនោះជាដំណក់ឈាមរបស់លោកហ្សូណូ និងអ្នកនាងចាន់ សុផានី បានធ្វើឲ្យអ្នកនាងចាន់ សុផានី អតីតតារាសម្ដែង និងជាពិធីការិនី ប្រតិកម្មយ៉ាងខ្លាំង។

អ្នកនាងបានហៅការសរសេរខុសដោយគ្មានមូលដ្ឋានរបស់សារព័ត៌មាននោះថាជាការសរសេរប៉ះពាល់ដល់អារម្មណ៍របស់ខ្លួន ក្នុងពេលដែលអ្នកនាងថា លោកហ្សូណូ គឺមិនដែលសូម្បីតែនឹកដល់ឈ្មោះកូនស្រី កុំថាឡើយដល់ថ្នាក់ដឹកនាំតារាណាម្នាក់ទៅធ្វើខួបឲ្យកូនស្រីដល់កន្លែងសាលារៀន។

អ្នកនាង ចាន់ សុផានី និយាយថា កំហុសឆ្គងពីការសរសេរនោះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកនាង និងកូនស្រីយ៉ាងខ្លាំង ជាពិសេសនៅពេលអ្នកមិនស្គាល់មុខមាត់ច្បាស់របស់កូនស្រីអ្នកនាង បានសួរពីព័ត៌មាន ថាលោកហ្សូណូធ្វើខួបឲ្យកូនពីអង្កាល់ ក្នុងពេលដែលអ្នកទាំងនោះបានឃើញមុខអ្នកនាង។ អ្នកនាងបានចាត់ទុកព័ត៌មានដែលបានសរសេរខុសនោះថា ជាការលាបពណ៌ដែលនាំឲ្យមានការភាន់ច្រលំថា លោកហ្សូណូ មានការទទួលខុសត្រូវចំពោះកូនស្រី និងនាំទៅដល់ការរិះគន់ថាអ្វីដែលអ្នកនាងលើកឡើងក្នុងកិច្ចសម្ភាសន៍ថា លោក ហ្សូណូ មិនដែលរវីរវល់ជាមួយកូន គឺជាលាក់បាំង។

អ្នកនាងថា មិនគួរមានការភន័្តច្រឡំទៅកើតទេ ដោយសារតែក្នុងវីដេអូធ្វើខួបរបស់តារាចម្រៀង មាស សុខសោភា មិនទំនងថាក្មេងស្រីម្នាក់នោះ គឺជាកូនរបស់លោក ហ្សូណូទាល់តែសោះ ក្នុងពេលដែលអ្នកនាងក៏តែងតែផ្ដល់ឱកាសឲ្យបណ្ដាញសារព័ត៌មាន បានសម្ភាសន៍ និងបានថតរូបកូនស្រីរបស់ខ្លួនជាហូរហែរ។ អ្នកនាងថាគួរតែមានការសួរនាំដើម្បីកុំឲ្យមានការភន័្តច្រឡំ ហើយបណ្ដាលឲ្យប៉ះពាល់ដល់អារម្មណ៍កូនស្រីអ្នកនាង និងអ្នកនាងបែបនេះ ជាពិសេសនៅពេលអ្នកមិនដឹងយល់ច្រឡំថា លោក ហ្សូណូ ពិតជានៅមានទឹកចិត្តចំពោះកូនស្រី ក្នុងពេលដែលលោកសូម្បីតែនឹកឈ្មោះកូនក៏អ្នកនាងថាមិនដែលសោះ។

អ្នកនាងថា មនុស្សកាន់តែច្រើនបានភន្ត័ច្រឡំនឹងការផ្សាយខុសនោះ។ អ្នកនាងថា តាំងពីបែកបាក់គ្នា លោកហ្សូណូ និង កូនស្រី ជាអ្នកដទៃសុទ្ធសាធ ទើបអ្នកនាងទទួលយកមិនបាននៅពេលដែលមានការចុះផ្សាយមិនពិតជុំវិញថា ក្មេងស្រីដែលលោកហ្សូណូ និងមាស សុខសោភា បានធ្វើខួបឲ្យនៅក្នុងវីដេអូនោះ គឺជាកូនរបស់អ្នកនាង និងលោកហ្សូណូ។ អ្នកនាងចាន់ សុផានី ទទូចឲ្យបណ្ដាញសារព័ត៌មានដែលចុះផ្សាយហើយមានកំហុសឆ្គងមិនអាចទទួលយកបាននោះធ្វើការស្រាយបំភ្លឺ ដើម្បីកុំឲ្យមានការលើកឡើងថា លោកហ្សូណូ មានការគិតគូចំពោះកូនស្រី ហើយនាំទៅដល់ការចោទថាអ្នកនាងនិយាយបំភ្លើសពី ហ្សូណូ នាពេលកន្លងមក។

មកទល់ពេលនេះ គេមិនឃើញបណ្ដាញសារព័ត៌មាននោះធ្វើការកែប្រែចំណងជើង និងខ្លឹមសារ ដែលអ្នកនាងចាន់ សុផានី ប្រកាសថាជាកំហុសធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្លួន និងកូនស្រីនោះទេ ខណៈដែលក្មេងស្រីឈ្មោះ រ៉ូមី ដែលមាស សុខសោភា និងលោក ហ្សូណូ ធ្វើខួបឲ្យដល់សាលានោះ ត្រូវគេអះអាងថាជាកូនស្រីបង្កើតរបស់មាស សុខសោភា ទៅវិញទេ តែត្រូវនាងប្រកាសថាជាក្មួយ និងជាកូនស្រីរបស់លោក មាស សុខរតនៈ។

អ្នកនាងចាន់ សុផានី និយាយថា កូនស្រីរបស់អ្នកនាង មានឈ្មោះថា ទេព មុនិផ្កា អាយុ៩ឆ្នាំ ហើយកាលពីខួបគម្រប់អាយុ៩ឆ្នាំកាលពីខែតុលាថ្មីៗ ក៏អ្នកនាងបានធ្វើខួបឲ្យនោះដែរ ថ្វីដ្បិតតែអ្នកនាងត្រូវធ្វើជាឪពុកផង និងម្ដាយផងតែម្នាក់ឯងដោយគ្មានការអើពើពីលោកហ្សូណូ៕

មតិយោបល់