ធនាគារពិភពលោកបានឲ្យដឹងថា កំណើននៃការនាំចេញស្បែកជើង គ្រឿងម៉ាស៊ីនអគ្គិសនី បរិក្ខារ និងគ្រឿងបន្លាស់យានយន្ត បានជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបាននូវភាពរឹងមាំ ខណៈដែលមានការថមថយតិចតួចមកនៅត្រឹម ៦.៨ភាគរយនៅក្នុងឆ្នាំ ២០១៧ ធៀបនឹងឆ្នាំ ២០១៦ ដែលមានអត្រា ៧ភាគរយ។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយ ដែលផ្សព្វផ្សាយថ្ងៃនេះ បានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ និងផលិតផលវាយណភ័ណ្ឌដទៃទៀត មានបរិមាណមធ្យម ក៏ប៉ុន្តែ ទស្សនវិស័យរយៈពេលមធ្យម នៅតែមានភាពវិជ្ជមាន ដោយសារតែកំណើនលើការនាំចេញច្រើនប្រភេទទំនិញនិ ងលំហូរចូលដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចំាកម្ពុជា បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាស្ថិតនៅត្រង់ចំណុចមួយ ដែលបោះជំហានឈានឡើង ក្នុងខ្សែសង្វាក់តម្លៃវិស័យកម្មន្តសាលមានការកើនឡើង ដូចជា ពីការកើនតែផ្នែកកាត់ដេរ មកកើនផ្នែកអគ្គិសនី និងគ្រឿងបម្លាស់យានយន្ត ហើយនោះគឺជា ការអភិវឌ្ឍមួយដែលប្រកបដោយក្តីសង្ឃឹម។»
ដើម្បីទទួលបានជោគជ័យក្នុងការបង្កើនការវិនិយោគ និងពង្រីកការនាំចេញច្រើនប្រភេទទំនិញ កម្ពុជានឹងចាំបាច់ ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធឲ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត ដែលជួយដោះស្រាយទៅនឹងថ្លៃចំណាយខ្ពស់លើ អគ្គិសនីនិងភស្តុភារ ព្រមទាំងគម្លាតនៃជំនាញ។
កំណើនសេដ្ឋកិច្ចពិតប្រាកដ ត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំ គឺកើនឡើងដល់ ៦.៩ភាគរយ នៅក្នុងឆ្នាំ ២០១៨។ ក៏ប៉ុន្តែ ការធ្លាក់ចុះដែលអាចកើតឡើងនៃសេដ្ឋកិច្ចនៅក្នុងតំបន់ ជាពិសេស នៅក្នុងប្រទេសចិន និងភាពមិនប្រាកដប្រជា ដែលអាចកើតមានឡើងទាក់ទងនឹងការបោះឆ្នោត បង្កនូវហានិភ័យចំពោះទស្សនវិស័យនេះ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីវិស័យទេសចរណ៍ របាយការណ៍នេះ ស្នើឲ្យបង្កើនសក្តានុពលវិស័យទេសចរណ៍ តាមរយៈការបង្កើនតំបន់គោលដៅ និងផលិតផលសម្រាប់អ្នកទេសចរណ៍ និងតាមរយៈតភ្ជាប់ទំនាក់ទំនងគ្រួសារនៅជនបទ ទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យទេសចរណ៍។
របាយការណ៍នេះ ក៏បានផ្តល់អនុសាសន៍ផងដែរ ឲ្យផ្តល់នូវការគាំទ្របន្ថែមទៀតដល់កសិករនានា ដែលបានទទួលរងផលប៉ះពាល់ ដោយសារតែតម្លៃកសិផលធ្លាក់ថៃ្ល ដែលកំពុងតែខិតខំស្វែងរកឱកាសប្រសើរជាងនេះដើម្បីចូលទៅកាន់ទីផ្សារ និងបង្កើនផលិតកម្មឲ្យបានច្រើនប្រភេទ៕
មតិយោបល់