ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងពង្រីកវិសាលភាពមីស៊ីលខ្លួន ប្រសិនបើមានការគំរាមកំហែងពីអឺរ៉ុប

អ៊ីរ៉ង់ៈ មេបញ្ជាការរងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានធ្វើការកំណត់រយៈចម្ងាយកាំជ្រួចមីស៊ីលខ្លួនត្រឹមតែ ២,០០០ គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពួកគេនឹងបង្កើនវិសាលភាពរបស់វា ប្រសិនបើមានការគំរាមគំហែងពីអឺរ៉ុបនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅដើមខែនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យមានកិច្ចចរចា ជាមួយអ៊ីរ៉ង់អំពីកម្មវិធីមីស៊ីលផ្លោង របស់ប្រទេសនេះ ដាច់ដោយទ្បែកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់អ៊ីរ៉ង់ ជាមួយនឹងមហាអំណាចពិភពលោក។

ពាក់ព័ន្ធនឹងបញ្ហានេះ អ៊ីរ៉ង់បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្មវិធីមីស៊ីលរបស់ខ្លួន គឺដើម្បីការការពារខ្លួនតែប៉ុណ្ណោះ ហើយក៏មិនចាំបាច់មានកិច្ចចរចានោះដែរ។

ឧត្តមសេនីយ៍ទោលោក Hossein Salami បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍រដ្ឋ ដើម្បីឆ្លើយតបទៅកាន់បណ្ដាប្រទេស នៅអឺរ៉ុប កាលពីថ្ងៃសៅរ៍ថា «ការអភិវឌ្ឍមីស៊ីលរបស់អ៊ីរ៉ង់ បានកំណត់រយៈចម្ងាយខ្លួនត្រឹមតែ ២,០០០ គីឡូម៉ែត្រប៉ុណ្ណោះ រហូតមកដល់សព្វថ្ងៃនេះ ហើយមិនបានបង្កើនវិសាលភាពរបស់វាបន្ថែមទៀតទេ ដែលបញ្ហានេះ វាមិនមែនដោយសារតែយើង ខ្វះខាតបច្ចេកវិទ្យានោះទេ ប៉ុន្តែគឺដោយសារយើងមានដែនកំណត់ សម្រាប់បច្ចេកវិជ្ជាជួរមីស៊ីលរបស់យើង»។

ក្នុងនោះលោក បានបន្ថែមថា មកដល់ពេលនេះ អ៊ីរ៉ង់នៅតែយល់ឃើញថា អឺរ៉ុបមិនមែនជាការគំរាមកំហែង សម្រាប់ប្រទេសខ្លួននោះទេ ហេតុដូច្នេះអ៊ីរ៉ង់ក៏មិនចាំបង្កើនវិសាលភាពមីស៊ីលខ្លួនដែរ ប៉ុន្តែប្រសិនបើអឺរ៉ុបមានបំណងចង់គំរាមកំហែងអ៊ីរ៉ង់ នោះយើងក៏នឹងធ្វើវាទ្បើងផងដែរ៕

មតិយោបល់