ព័ត៌មានសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច បង្ហាញថា ការប្រមូលចំណូលឆ្នាំ ២០១៧ មានប្រមាណ ១៩.៣ទ្រីលានរៀល

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ២០១៧ បានបង្ហាញថា ការអនុវត្តចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលល្អ ​ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩.៣ទ្រីលានរៀល ស្មើនឹង ១០៦ភាគរយ នៃច្បាប់ ក្នុងនោះចំណូលសារពើពន្ធ (ចំណូលគយនិងរដ្ឋាករ និងចំណូលពន្ធដារ) ប្រមូលបានលើសច្បាប់ ៨.៤ភាគរយ ចំណូលមិនមែនសារពើពន្ធប្រមូលបានលើសច្បាប់ ៨.១ភាគរយ និងចំណូលមូលធនសម្រេចបានប្រមាណ ៩៩.៧ភាគរយ នៃច្បាប់។

កិច្ចប្រជុំក៏បានឱ្យដឹងដែរថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើនបានល្អជាងឆ្នាំ ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់ លើកលែងតែករណីដែលមានការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើអន្តរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្មស្រូវ និងទីផ្សារស្រូវអង្ករ។

ការអនុវត្តសកម្មភាពជំនាញ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន នៅគ្រប់កម្មវិធី ខិតទៅជិតគោលដៅកំណត់ក្នុងផែនការសកម្មភាព ដោយបំពេញបានពេញលេញ នូវបេសកកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ទន្ទឹមនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សា ដោះស្រាយបញ្ហាប្រឈមនានាដែលអង្គភាពក្រោមឱវាទក្រសួងបានជួបប្រទះក្នុងការអនុវត្តកម្មវិធី និងបានដាក់ចេញនូវិធានការដោះស្រាយ ដែលមានលក្ខណៈជាប្រព័ន្ធ សំដៅជំរុញការអនុវត្តនៅឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

អង្គប្រជុំក៏បានវាយតម្លៃថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងស្ថាបនាភាពជាគំរូ ស្របតាមទិសដៅ កំណត់ដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី និងបានលើកទឹកចិត្តឱ្យយកបទពិសោធន៍នៃការ អនុវត្តថវិកាកម្មវិធីទៅបន្តកែលម្អនីតិវិធីនានា ដោយយកយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ឆ្នាំ២០១៨-២០២៥ ជាប្រទីប និងជាផែនទីគោចរ៕

 

មតិយោបល់