តៃវ៉ាន់ៈ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានថ្លែងថា លោកស្រីមិនអាចធ្វើព្រងើយបានទ្បើយ ជុំវិញលទ្ធភាពវាយប្រហាររបស់ចិនមកលើដែនកោះ ដែលមានអធិបតេយ្យភាពរបស់ខ្លួននោះ ដោយសារតែមានភាពតានតឹងរវាងភាគីទាំងពីរ រួមទាំងការបង្កើនសមយុទ្ធយោធាចិន នៅជិតកោះតៃវ៉ាន់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
ក្រុងប៉េកាំង បានប្រកាន់ជំហរអរិភាពកាន់តែខ្លាំងឡើង ឆ្ពោះមកកាន់កោះតៃវ៉ាន់ ដែលចិនតែងតែចាត់ទុកថា ជាខេត្តបំបែកខ្លួនចេញពីប្រទេសចិន ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ កាលពីពីរឆ្នាំមុនរបស់លោកស្រី Tsai ។
ដោយប្រទេសចិននៅតែសង្ស័យថា លោកស្រី Tsai ចង់ជំរុញឲ្យកោះមួយនេះ ឯករាជ្យជាផ្លូវការ ដែលជាបន្ទាត់ពណ៌ក្រហម សម្រាប់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្ត នៅទីក្រុងប៉េកាំង បើទោះបីលោកស្រី ធ្លាប់បាននិយាយរួចហើយថា លោកស្រី ចង់រក្សាស្ថានភាពដដែល នៅលើកោះ និងបានធ្វើការប្តេជ្ញាចិត្ត ដើម្បីធានាសន្តិភាពក៏ដោយ។
នៅក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើនសមយុទ្ធយោធាខ្លួន នៅជិតកោះតៃវ៉ាន់ ដែលធ្វើឲ្យរដ្ឋាភិបាលក្រុងតៃប៉ិ មានការព្រួយបារម្ភ៕
មតិយោបល់