ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងបញ្ជូនប្រេសិតទៅកាន់កូរ៉េខាងជើង

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងបញ្ជូនបេសកជនពិសេសមួយរួប ទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីការចូលរួមរបស់មន្ត្រីទីក្រុងព្យុងយ៉ាង ក្នុងព្រឹត្តិការណ៍ប្រកួតកីទ្បាអូឡាំពិករដូវរងាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។

ប្រភពពីវិមាន Blue House បាននិយាយថា លោក មូន បានប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការហៅទូរស័ព្ទមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅនាពេលអនាគត។

ដោយវាត្រូវបានគេមើលឃើញថា ហាក់បីដូចជាការឆ្លើយតបដោយផ្ទាល់ ទៅនឹងការអញ្ជើញពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់ពីមានការស្នើប្រធានាធិបតីកូរ៉េខាងត្បូង ទៅចូលរួមកិច្ចប្រជុំកំពូលមួយ នៅទីក្រុងព្យុងយ៉ាង ពីសំណាក់ប្អូនស្រីរបស់លោក គីម ក្នុងអំឡុងពេលលោកស្រី ធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍កីទ្បាអូទ្បាំពិក កាលពីខែមុន។

សូមជំរាបថា បើទោះបីជាលោក មូន មិនបានរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្ទាល់ខ្លួន នៅកាន់តំបន់គ្មានយោធាក៏ពិតមែន ប៉ុន្តែការបញ្ជូនបេសកជនទៅកាន់ទីក្រុងព្យុងយ៉ាង គឺជាជំហានដំបូងដ៏សំខាន់មួយ សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងអន្តរកូរ៉េ ដើម្បីឆ្ពោះទៅរកការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕

មតិយោបល់