កាលពីម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដំឡូងមី លើផ្ទៃដី ២០ហិកតា របស់ក្រុមហ៊ុង Green Leader (Cambodia) Co., Ltd ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ។
ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Green Leader Holding Group Limited (Green Leader)ដែលបានចុះឈ្មោះជាសាធារណៈក្នុងក្រុមប្រឹក្សាផ្សារហ៊ុនហុងកុង បានដាក់ទុនវិនិយោគប្រមាណ ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ទនៈអេតាណុលទំនើប និងធំជាងគេបង្អស់លើពិភពលោក ដែលមានសក្តានុពលប្រើប្រាស់វត្ថុធាតុដើមដំឡូងមីដល់ទៅ ៥០០ពាន់តោន ដើម្បីផលិតម្សៅឲ្យបាន ១៣០ពាន់តោនក្នុង១ឆ្នាំ និង ២លានតោនក្នុងរយៈពេល ៥ឆ្នាំ។
ដោយឃើញយ៉ាងច្បាស់ពីសក្តានុពលដ៏ធំធេងនេះ ក្រុមហ៊ុនបានចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ កាលពីថ្ងៃទី២៩ ខែមករាកន្លងមកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបយឹម ឆៃលី ក្នុងគោលបំណងបង្កើតរោងចក្រស្រូបយកផលិតផលរួចកែច្នៃនាំចេញ។
តាមការបញ្ជាក់របស់លោក Zhan Sanhuo ប្រធានក្រុមប្រឹក្សាភិបាលបានឲ្យដឹងថា ក្នុងអំឡុងពេល ៥ឆ្នាំខាងមុខ ក្រុមហ៊ុននឹងសាងសងរោងចក្រឲ្យបាន ២០ ក្នុងខេត្តដែលមានសក្តានុពលផលិតដំឡូងមីដើម្បីព្យាយាមកាត់បន្ថយការនាំចេញវត្ថុធាតុដើមនេះទៅប្រទេសជិតខាង រួចក្រុមហ៊ុននឹងធ្វើការដាំដុះលើផ្ទៃដី ១ម៉ឺនហិកតា បន្ថែមទៀត សម្រាប់បំពេញបង្គប់តម្រូវការរោងចក្រ ក្រៅពីនេះក្រុមហ៊ុននឹងអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract farming) ជាមួយដៃគូផលិត ដោយផ្តល់ជាទុន ពូជ ជី និងបច្ចេកទេសដាំដុះ។
រោងចក្រនេះនឹងប្រើបច្ចេកវិទ្យាទាន់ សម័យបំផុតដើម្បីកែច្នៃម្សៅដំឡូងឲ្យមានគុណភាពកម្រិត ស្តង់ដារអន្តរជាតិ។
លោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader បានបញ្ជាក់ថា ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច ៥០០,០០០ តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract Farming) ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត៕
មតិយោបល់