ព័ត៌មានសេដ្ឋកិច្ច

គង់ វិបុល៖ គ្មានការបន្ថែមពន្ធ នឹងការដំឡើងអត្រាពន្ធ រហូតដល់ឆ្នាំ ២០១៨

ប្រទេសកម្ពុជា នឹងគ្មានការបន្ថែមពន្ធ នឹងការដំឡើងអត្រាពន្ធទៀតទេ រហូតដល់ឆ្នាំ ២០១៨ នេះបើយោងតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍នៅក្នុងវេទិកាពន្ធដារ នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីថ្ងៃទី ២១ ខែកញ្ញា ម្សិលមិញនេះ។

លោកបន្ថែមថា «រដ្ឋាភិបាលនឹងមិនកែប្រែប្រព័ន្ធពន្ធ រហូតដល់ឆ្នាំ ២០១៨ ហើយយើង នឹងផ្តោតសំខាន់លើមូលដ្ឋានប្រមូលពន្ធ ដោយហេតុមានបុគ្គល និងស្ថាប័នអាជីវកម្មជាច្រើន មិនទាន់បានបង់ពន្ធ ឲ្យបានត្រឹមត្រូវនៅឡើយ។ យើង នឹងដើរពិនិត្យពី អាជីវកម្មមួយ ទៅអាជីវកម្មមួយ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា លោកអ្នកបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ»។

នេះក៏ការលើកទឹកចិត្ត នឹងការពារកុំឲ្យ ម្ចាស់អាជីវកម្មណាមួយ ដំណើរការអាជីវកម្ម នៅក្នុងបរិយាកាស ដែលមិនស្មើភាព និងមិនយុត្តិធម៌។

សម្រាប់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានលើកទឹកចិត្តឲ្យ ទៅចុះបញ្ជីឲ្យបានលឿន ហើយអគ្គនាយកដ្ឋាន នឹងមិនពិន័យនោះទេ គ្រាន់តែស្នើឲ្យពួកគេ បង់ពន្ធប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ត្រឹម ៨ខែដើមឆ្នាំ ២០១៦ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករសរុប បានប្រមាណ ១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧៥ភាគរយ នៃគោលដៅកំណត់ដោយច្បាប់។

គួរបញ្ជាក់ផងដែរថា EuroCham បានប្រារព្ធ វេទិកាស្តីពីពន្ធដារ លើកដំបូងរបស់ខ្លួន ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ប្រមាណជាង ៤០០នាក់ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ Intercontinental កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅនេះ៕

_mg_9825 _mg_9840

មតិយោបល់