មជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ខណៈតម្រូវការដំឡូងបារាំងនៅលើទីផ្សារ កំពុងកើនឡើង។ នេះបើយោងតាមការឲ្យដឹងពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីសម្ភោធមជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង កាលពីពេលថ្មីៗកន្លងទៅនេះ។
មជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង គឺស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយមានគោលបំណងអនុញ្ញាតិឲ្យ កម្ពុជាអាចផលិតដំឡូងបារាំង ផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង នឹងកាត់បន្ថយលើការនាំចូលដំឡូងបារាំងពីក្រៅប្រទេសផងដែរ។
ការបង្កើតមជ្ឈមណ្ឌលនេះឡើង គឺជាគម្រោងថ្មីមួយ ដែលមានការជួយជ្រោមជ្រែងពី ភ្នាក់ងារកូរ៉េ KOICA និង KOPIA ហើយគម្រោងនេះផងដែរ ក៏ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៤-២០១៨ របស់រដ្ឋាភិបាលកម្ពុជាផងដែរ។
លោក វេង សាខុន បានបញ្ជាក់ថា តម្រូវការដំឡូងបារាំងក្នុងទីផ្សារ កំពុងតែកើនឡើង ខណៈការផ្គត់ផ្គង់ភាគច្រើន គឺមក ការនាំចូល។ ដូច្នេះហើយការផលិតដោយខ្លួនឯង ក្នុងស្រុក គឺពិតជាល្អណាស់ ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងជម្រុញការអភិវឌ្ឍន៍ជនបទ៕


មតិយោបល់