ក្រុមហ៊ុន PTT Plc បានបង្ហាញពីគម្រោងបន្ថែមហាងកាហ្វេ Amazon ឲ្យបាន ២០០សាខា នៅទូទាំងតំបន់អាស៊ាន ត្រឹមឆ្នាំ ២០២០ ខណៈបច្ចុប្បន្នមាន ៣៧សាខា។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។
លោក Auttapol Rerkpiboon អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន PTT បានលើកឡើងថា ហាងកាហ្វេ Amazon កំពុងតែរីកចម្រើនយ៉ាងលឿន ជាពិសេសក្នុងប្រទេសជិតខាងដូចជា កម្ពុជា ជាដើម ហើយការបន្ថែមសាខា ២០០កន្លែងនេះ អាចនឹងមិនទាន់គ្រប់គ្រាន់ទៅតាមតម្រូវការទៀតផង។
ការផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សជំនាន់ក្រោយក្នុងតំបន់អាស៊ាន រួមផ្សំនឹងកំណើនសេដ្ឋកិច្ចដ៏ល្អផងនោះ បានជម្រុញឲ្យអ្នកប្រើប្រាស់ ចំណាយច្រើនជាងមុន ជាពិសេសនៅតាមហាងទំនើបៗ និងហាងកាហ្វេដូចជា Amazon ជាដើម។
គួរបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន PTT រកបានចំណូល ៣.៥ពាន់លានបាត ពីអាជីវកម្មមិនមែនប្រេង ហើយរំពឹងនឹងកើនដល់ ១០ពាន់លានបាត ក្នុងឆ្នាំ ២០២០ បន្ទាប់ពីការពង្រីកសក្តានុពលនេះ៕

មតិយោបល់