នាពេលបច្ចុប្បន្ន កម្ពុជា មានសហគ្រាសសរុបចំនួនជាង ៥៣ម៉ឺនសហគ្រាស ខណៈសហគ្រាសនៅក្នុងអាស៊ានមានប្រមាណជាង ៥២លានសហគ្រាស បើប្រៀបធៀបកម្ពុជាជាមួយអាស៊ាន គឺមានប្រមាណតែ ១ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងនៅក្នុងសិក្ខាសិលារបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលធ្វើឡើងកាលពីម្សិលមិញនេះ។
ក្នុងចំណោមសហគ្រាសជាង ៥៣ម៉ឺននេះ គឺមានប្រមាណតែ ៥ ទៅ ៨ភាគរយប៉ុណ្ណោះ ដែលបានចុះបញ្ជីជាផ្លូវការ និងក្លាយជាបញ្ហាប្រឈមមួយ សម្រាប់កម្ពុជាចូលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ហើយសហគ្រាសខ្នាតតូច និងមធ្យមមានរហូតដល់ ៩៩.៨ភាគរយទៅហើយ ក្នុងចំណោម ៥៣ម៉ឺនសហគ្រាសនេះ។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ដើម្បីចូលរួមប្រកួតប្រជែងលើវិស័យសហគ្រាសខ្នាតតូច និងមធ្យម ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ កម្ពុជាត្រូវតែធ្វើកំណែទម្រង់លិខិតបទដ្ឋានគតិយុត្តិ ពង្រឹងគុណភាព និងឲ្យមានបទដ្ឋានស្តង់ដាត្រឹមត្រូវ។
លើសពីនេះទៅទៀត លិខិតបទដ្ឋានគតិយុត្តិ និងជួយធ្វើឲ្យវិស័យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កាន់តែមានភាពបៃតង មិនប៉ះពាល់ដល់បរិស្ថាន ចាប់ពីការផលិតរហូតដល់តុអាហារតែម្តង ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
គួរជម្រាបផងដែរថា នៅក្នុងរាជធានីភ្នំពេញ មានរោងចក្រប្រមាណជាង ៨០០ និងសហគ្រាសដែលបានមកចុះបញ្ជីនៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មានប្រមាណជិត ៣០០០៕
មតិយោបល់