ថៃៈ បើតាមសម្ដីឧបនាយករដ្ឋមន្រ្តី លោក Prajin Juntong បានឲ្យដឹងថា គេហទំព័រជាង ១០០ ត្រូវបានបិទបន្ទាប់ពីចេញផ្សាយវិដេអូប្រមាថមើលងាយព្រះមហាក្សត្រ ដែលត្រូវបានចែករំលែកតាមប្រព័ន្ធ YouTube ក្នុងកិច្ចសហការរវាងរដ្ឋាភិបាលថៃ ជាមួយនឹងក្រុងហ៊ុន Google។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។
ក្នុងនោះដែលគេហទំព័រកំពុងដំណើរការប្រមាណ ៣៨០ ក៏ត្រូវបានរដ្ឋាភិបាលបិទចោលទាំងស្រុងផងដែរ ក្រោយគេហទំព័រទាំងនោះ បានចេញផ្សាយមើលងាយរបបរាជានិយម។
កាលពីថ្ងៃសុក្រ Ann Lavin នាយកនៃគោលនយោបាយសាធារណៈ និងកិច្ចការរដ្ឋាភិបាលនៅការិយាល័យ ប្រចាំអាស៊ីអាគ្នេយ៍ និងប្រទេសចិនរបស់ក្រុមហ៊ុន Google បានជួបឧបនាយករដ្ឋមន្រ្តី Prajin Juntong ដើម្បីពិភាក្សាបញ្ហានេះ។
កិច្ចសហប្រតិបត្តិការនេះ បានផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាលថៃ សម្រាប់ការបិទគេហទំព័រណាមួយ ដែលបានរិះគន់រដ្ឋាភិបាល និងដើម្បីជៀសវាងការយល់ច្រឡំរវាងរដ្ឋាភិបាលលើក្រុមហ៊ុន Google អំពីបញ្ហាដែលកំពុងតែកើតមាន។
ជាងនេះទៅទៀត រដ្ឋាភិបាលថៃបានរៀបចំផែនការ សម្រាប់អញ្ជើញតំណាងរបស់ក្រុមហ៊ុនFacebook ដើម្បីពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់អ្នកប្រើប្រាស់ណា ដែលបានប្រមាថដល់ព្រះមហាក្សត្រផងដែរ៕
មតិយោបល់