ក្រុមហ៊ុន Apple បានប្រកាសថា នឹងចេញលក់សៀវភៅរូបថត «២០ឆ្នាំ នៃការឌីហ្សាណ» ក្នុងតម្លៃ ២០០ដុល្លារអាមេរិក នឹង ៣០០ដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ ចេញផ្សាយនៅថ្ងៃនេះ។
ផលិតផល Apple ត្រូវបានមនុស្សគ្រប់ពេញចិត្ត ជាពិសេសការឌីហ្សាញ និងភាពស្រស់ស្អាត ហើយសៀវភៅនេះ ក៏ត្រូវបានបង្កើត ដើម្បីរំលឹកដល់អតីតស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ដែលបានលាចាកលោកទៅហើយ។
សៀវភៅរូបថតនេះ មាន ៤៥០សន្លឹក ដែលបង្ហាញពីដំណើរការឌីហ្សាញ Apple នឹងផលិតផលរបស់វា តាំងពីដើមមក ហើយត្រូវបានថតដោយលោក Andrew Zuckerman ជាអ្នកថតរូបអាជីពម្នាក់ផងដែរ។
បើទោះបីជា សៀវភៅនេះនិយាយតែពីការឌីហ្សាញ វាមិនមែននិយាយពីក្រុមអ្នកឌីហ្សាញសុទ្ធសាធនោះទេ គឺនិយាយពី ដំណើរការផលិតដ៏មានភាពច្នៃប្រឌិត ឬ ការអភិវឌ្ឍន៍របស់ផលិតផល Apple។ នេះបើយោងតាមការលើកឡើងរបស់លោក Jonathan Ive។
ជាចុងក្រោយ លោកបញ្ជាក់ថា វត្ថុទាំងអស់នោះ គឺបញ្ជាក់ពីការងាររបស់យើង ដែលបង្ហាញយ៉ាងច្បាស់ថាយើងជានរណា អ្វីជាគុណតម្លៃរបស់យើង និងគោលដៅចុងក្រោយរបស់យើង។
គួរជម្រាបផងដែរថា សៀវភៅនេះ នឹងមានដាក់លក់នៅតាមអនឡាញ និងសាខា Apple មួយចំនួន ដែលចាប់ផ្តើមលក់ចាប់ពីថ្ងៃនេះតទៅ៕
មតិយោបល់