បើតម្រងនោមខូច នោះការច្រោះជាតិពុលចេញពីក្នុងឈាម បញ្ចេញតាមរយៈទឹកនោម នឹងត្រូវបានផ្អាកដំណើរការ។ ហេតុនេះហើយ កាកសំណល់ រួមទាំងជាតិពុលទាំងឡាយដែលមាននៅក្នុងរាងកាយកើនឡើងកាន់តែច្រើនទៅៗ ធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យឆាប់ស្លាប់បំផុត។
រោគសញ្ញាដំបូងដែលបង្ហាញថា អ្នកកំពុងមានបញ្ហាតម្រងនោមរួមមាន៖
– អស់កំលាំង ល្ហិតល្ហៃ
– ពិបាកនោម នោមឈឺ
– ទឹកនោមមានពពុះ
– ទឹកនោមមានពណ៌ផ្កាឈូក ឬពណ៌ខ្មៅ ឬមានឈាម
– នោមញឹក ជាពិសេសពេលយប់
– ភ្នែកហើម
– ឧស្សាហ៍ស្រេកទឹក
ខាងក្រោមនេះជាទម្លាប់ដ៏អាក្រក់មួយចំនួន ដែលធ្វើតម្រងនោមរបស់អ្នកឆាប់ខូច៖
១. ទទួលទានទឹកមិនបានគ្រប់គ្រាន់
ការទទួលទានទឹកមិនគ្រប់គ្រាន់ អាចធ្វើឲ្យលំហូរឈាមរត់ឆ្ពោះទៅតម្រងនោមមិនបានល្អ ដែលធ្វើឲ្យការច្រោះជាតិពុល ក្នុងខ្លួនមិនបានត្រឹមត្រូវ។ ដូច្នេះអ្នកគួរតែព្យាយាមទទួលទានទឹកឲ្យបាន២ទៅ៣លីត្រក្នុងមួយថ្ងៃ។
២. ទទួលទានកាហ្វេច្រើនពេក
ការទទួលទានកាហ្វេច្រើនពេក អាចបង្កើនចំនួនកាល់ស្យូមខ្ពស់ក្នុងទឹកនោម ដែលជាហេតុបង្កឲ្យមានដុំគ្រោះក្នុងតម្រងនោមទៅថ្ងៃមុខ។ យកល្អ ក្នុងមួយថ្ងៃអ្នកគួរតែទទួលទានកាហ្វេ១ពែងបានហើយ។
៣. ទទួលអាហារដែលមានជាតិប្រៃខ្លាំង
ការប្រើប្រាស់អំបិលច្រើនពេក បានប៉ះពាល់ដល់តម្រងនោមខ្លាំងបំផុត ព្រោះវាត្រូវធ្វើការហួសកម្រិតក្នុងចម្រោះយក សូដ្យូម ដែលមានក្នុងអំបិល។ ហេតុនេះ អ្នកគួរតែទទួលទានអំបិលត្រឹម៥ក្រាមក្នុងមួយថ្ងៃទើបល្អ។
៤. សេពគ្រឿងស្រវឹងច្រើនពេក
ការសេពគ្រឿងស្រវឹងច្រើនពេក បាននាំគ្រោះថ្នាក់ជាច្រើនដល់សុខភាព ជាពិសេសតម្រងនោមតែម្តង។ កម្រិតជាតិអាស៊ីតខ្ពស់ ដែលបានមកពីគ្រឿងស្រវឹង អាចធ្វើឲ្យតម្រងនោមចុះអន់ខ្សោយជាខ្លាំង។ ដូច្នេះ ក្នុងមួយថ្ងៃមនុស្សប្រុសគួរតែទទួលទានគ្រឿងស្រវឹង ១ទៅ២កែវ ហើយសម្រាប់មនុស្សស្រីវិញ១កែវ គឺសមល្មមបំផុត។
៥. គេងមិនបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យខូចតម្រងនោមនោះទេ វាក៏អាចធ្វើសេរីរាង្គដ៏ទៃទៀតជួបបញ្ហាផងដែរ។ នៅពេលដែលមនុស្សកំពុងគេងលក់ សេរីរាង្គទាំងអស់ក៏កំពុងបង្កើនថាមពលរបស់ខ្លួន តែបើលោកអ្នកមិនបានគេង នោះសេរីរាង្គក៏មិនបានបង្កើនថាមពសម្រាប់ ធ្វើការនៅថ្ងៃស្អែកផងដែរ។ ម្យ៉ាងទៀតការគេងមិនបានគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកមានជំងឺលើសឈាម ដែលជាសត្រូវដ៏ធំបំផុតរបស់តម្រងនោម។ ដូច្នេះលោកអ្នកគួរតែគេងឲ្យបាន ៦ទៅ ៨ម៉ោងក្នុងមួយយប់៕
មតិយោបល់