ជាធម្មតាអ្នកដែលកើតជំងឺអុតស្វាយ នឹងបន្សល់ទុកនូវស្លាកស្នាមអុជខ្មៅៗនៅពាសពេញរាងកាយ ក្រោយពេលជំងឺជាសះស្បើយ។ បើយោងតាមគេហទំព័រ soha បានបង្ហាញឲ្យដឹងថា ប្រសិនបើស្ត្រីមានផ្ទៃពោះកើតមានជំងឺនេះ អាចប្រឈមនឹងផលវិបាកនៃជំងឺរលាកសួត ខូចប្រព័ន្ធប្រសាទ ហើយអាចស្លាប់ ដោយសារតែការវាយប្រហាររបស់វីរុសអុតស្វាយ។
ចំពោះស្ត្រីមានផ្ទៃពោះដែលកើតជំងឺអុតស្វាយក្នុង៣ខែ ឬតិចជាងនេះ អាចបណ្តោលឲ្យទារកកើតមកមានស្លាកស្នាមអុជខ្មៅនៅលើស្បែកពីកំណើត កើតជំងឺវិលកចរិក ភ្នែកឡើងបាយ រលូតកូន ឬកូនស្លាប់ក្នុងផ្ទៃតែម្តង។
អ្នកជំនាញបានមានប្រសាសន៍ថា ស្ត្រីមានផ្ទៃពោះដែលកើតជំងឺអុតស្វាយ នៅចន្លោះខែទី ៤ ទៅទី៥ ប្រឈមនឹងការរីករាលដាលខ្លាំងបំផុត។ តែដើម្បីជៀសផុតពីជំងឺមួយនេះ អ្នកម្តាយគួរតែចាក់ថ្នាំបង្ការឲ្យបានត្រឹមត្រូវ ហើយពេលវេលាដែលល្អបំផុតក្នុងការចាក់ថ្នាំបង្ការ គឺមុនពេលមានផ្ទៃពោះរយៈពេល ១ ទៅ ៣ខែ។
ប្រសិនបើអ្នកកើតជំងឺអុតស្វាយក្នុងកំឡុងពេលមានផ្ទៃពោះ គួរតែសម្រាកទទួលទានទឹកឲ្យបានច្រើន ព្យាយាមបរិភោគអាហារងាយរំលាយ ធ្វើអនាម័យរាងកាយឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវពិភាក្សាជាមួយនឹងគ្រូពេទ្យដើម្បីរកដំណោះស្រាយដែលសមស្រប៕
មតិយោបល់