ព័ត៌មានសុខភាព

បណ្តោយឲ្យរាងកាយខ្វះជាតិដែក អ្នកនឹងជួបបញ្ហាធំ

ភាពស្លេកស្លាំង ឬកង្វះជាតិដែកនៅក្នុងខ្លួន អាចបណ្តោលឲ្យឈាមមិនអាចបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមសរីរាង្គបានពេញលេញ ហើយអាចធ្វើឲ្យមនុស្សខ្សោយប្រព័ន្ធការពារ កើតជំងឺមហារីកឈាម គ្មានកូន ជាពិសេសបើព្យាបាលមិនទាន់ពេលទេ អ្នកអាចប្រឈមនឹងការស្លាប់ទៀតផង។ ខាងក្រោមនេះ ជារោគសញ្ញាព្រមានដែលបង្ហាញថា អ្នកកំពុងខ្វះជាតិដែក៖

១.ងាយឆ្លងមេរោគ
មនុស្សដែលខ្វះជាតិដែក ទោះមានរបួសតូចប៉ុនណា ក៏មិនងាយនឹងជាសះស្បើយដែរ ហើយឆាប់ឆ្លងមេរោគ បណ្តាលឲ្យហើមមុខរបួស ឬមានខ្ទុះទៀតផង។

២.ផុយក្រចក សក់មានបញ្ហា
ក្រចកអាចនឹងមានសភាពផុយងាយបាក់ រីឯសក់ក៏ទន់ខ្សោយងាយជ្រុះ ដោយសារការកង្វះជាតិដែក។

៣.អស់កម្លាំង ល្ហិតល្ហៃ
ប្រសិនបើអ្នកឧស្សាហ៍ងងុយគេង ហើយមានអារម្មណ៍អស់កម្លាំង សាច់ដុំចុះខ្សោយ រយៈពេលយូរមិនព្រមបាត់ នោះអ្នកច្បាស់ជាប្រឈមបញ្ហាខ្វះជាតិដែក។

៤.ឈឺក្បាល វិលមុខ នៅពេលក្រោកឈរ
មនុស្សដែលជួបប្រទះនឹងអាការវិលមុខ ឬឈឺក្បាល នៅពេលក្រោកឈរម្តងៗ អាចបណ្តាលមកកង្វះអុកស៊ីសែនក្នុងខួរក្បាល ហើយពេលខ្លះអាចធ្វើឲ្យអ្នកដួលសន្លប់ដោយមិនដឹងខ្លួន។

៥.ដកដង្ហើមខ្លីៗ
នៅពេលដែលអ្នកធ្វើបន្តិចបន្តួច ឬគ្រាន់តែឡើងជណ្តើរ ៦-៧កាំ អ្នកនឹងដង្ហក់ ពិបាកដកដង្ហើម។

៦.បេះដូងលោតញាប់
ចង្វាក់បេះរបស់លោកអ្នក អាចនឹងលោតញាប់ខុសធម្មតា ទោះបីជាអ្នកនៅស្ងៀមៗក៏ដោយ។

៧.ចុកទ្រូង
អាការចុកទ្រូង ដោយគ្មានមូលហេតុ ច្រើនកើតមានចំពោះអ្នកដែលខ្វះជាតិដែក។ លើសពីនេះទៅទៀត វាក៏ជាសញ្ញាប្រកាសអាសន្ន នៃជំងឺគាំងបេះដូងដែរ។

៨.ត្រជាក់ចុងដៃ ចុងជើង
បញ្ហាខ្វះជាតិដែក បានធ្វើឲ្យឈាមមិនអាចរត់ទៅដល់ចុងដៃចុងជើង ទើបធ្វើឲ្យចុងដៃចុងជើងរបស់អ្នក មានសភាពត្រជាក់ និងជាំតាមក្រចកដៃ។

កក្តាចម្បងដែលធ្វើឲ្យមនុស្សកើតជំងឺខ្វះជាតិដែក គឺដោយសារតែទម្លាប់មិនចូលចិត្តទទួលទាន បន្លែ ឬសាច់ក្រហម។ ដូចនេះ អ្នកត្រូវពិសារអាហារឲ្យបានច្រើនជាងមុន ដូចជា សាច់ ស៊ុត ត្រី បន្លែបៃតង គ្រាប់ធុញ្ញជាតិ និងទឹកដោះគោជាដើម។ ប្រសិនលោកមានអាការធ្ងន់ធ្ងរ ដូចជាស្លេកស្លាំងខ្លាំងពេក រហូតឧស្សាហ៍សន្លប់ អ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីព្យាបាលជាបន្ទាន់៕

មតិយោបល់