ព័ត៌មានបច្ចេកវិទ្យា

iPhone 7 Plus មួយគ្រឿងផ្ទុះឆេះផ្អើលដល់ក្រុមហ៊ុន Apple បើកការស៊ើបអង្កេត

វីដេអូដ៏កម្រមួយស្តែងឱ្យឃើញយ៉ាងច្បាស់ពីទូរសព្ទ iPhone 7 Plus បានផ្ទុះឆេះ ហើយកំពុងហុយផ្សែងទ្រលោម​ កំពុងកក្រើកពេញបណ្តាញសង្គម Twitter រហូតផ្អើលដល់ក្រុមហ៊ុន Apple ប្រកាសបើកការស៊ើបអង្កេតទៅលើហេតុការដ៏កម្រមួយនេះ។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ macworld ដែលបានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងធ្វើការជាមួយម្ចាស់ទូរសព្ទ iPhone 7 Plus ដែលបានដាក់បង្ហោះខ្សែអាត់វីដេអូបង្ហាញពីទូរសព្ទរបស់ខ្លួនដែលបានផ្ទុះឆេះ ហើយកំពុងហុយផ្សែងខ្មួលខ្មាញ់ ឈ្មោះ Brainnas Olivas ដើម្បីស្វែងរកមូលហេតុនៃការផ្ទុះឆេះ។

យោងតាមគេហទំព័រ mashable នាង Brianna Olivas បាននិយាយថា iPhone 7 Plus ពណ៌មាសរបស់នាងបានផ្ទុះ ហើយចាប់ហុយផ្សែងពណ៌សរយ៉ាងត្របាញ់នៅព្រឹកថ្ងៃពុធ ឃើញដូច្នោះ មិត្តប្រុសនាងក៏ចាប់ទូរសព្ទរបស់គាត់ថតជាខ្សែអាត់វីដេអូទុកជាភស្តុតាងតែម្តង។ បន្ទាប់មក រូបនាងក៏ដាក់បង្ហោះនៅលើបណ្តាញសង្គម Twitter រួចក៏បង្កឱ្យមានភាពភ្ញាក់ផ្អើល និងចែកបន្តគ្នាពីម្នាក់ទៅម្នាក់ រហូតលេចឮដល់ក្រុមហ៊ុនផលិតវា។

នាង Olivas បានឱ្យដឹងថា បញ្ហាបានចាប់ផ្តើមមួយថ្ងៃមុនពេល iPhone 7 Plus ដែលនាងបានទិញពីក្រុមហ៊ុន Sprint កាលពីខែមករា ជាប់គាំង បើកមិនចេញ ហើយនាងក៏យកវាទៅឱ្យហាង Apple Store ឆែកមើល រួចក៏រកមិនឃើញបញ្ហាអ្វីទាំងអស់ ខណ:ដែលទូរសព្ទនោះ ស្រាប់តែអាចមានដំណើរការធម្មតាឡើងវិញ។

នាង​ Olivas បន្ថែមទៀតថា ទូរសព្ទរបស់នាង បានរកឃើញថាផ្ទុះឆេះ នៅពេលមិត្តប្រុសរបស់នាងយកវាពីលើគ្រែគេងដាក់ក្នុងទូខោអាវ មុនពេលគាត់ចូលក្នុងបន្ទប់ទឹក បន្ទាប់មក នៅពេលគាត់ត្រឡប់មកវិញ ក៏ឃើញវាកំពុងហុយផ្សែងឡើង និងលាន់ឮសំឡេងញ៉េកៗ ហើយគាត់ក៏បោះវាចូលបន្ទប់ទឹកតែម្តង។

ចំពោះរឿងនេះ ក្រុមហ៊ុន Apple​ ថ្លែងថា «យើងកំពុងធ្វើការជាមួយអតិថិជនដែលជួបបញ្ហានេះ ដើម្បីស្វែងរកដើមហេតុរបស់វា។»

ប្រភពព័ត៌មាន: mashable, macworld

មតិយោបល់