ព័ត៌មានសុខភាព

មនុស្ស៤ប្រភេទ មុននឹងទទួលទាន​ស៊ុត​ជ័រព្នៅ​គួរគិត​ម្តងទៀត

ស៊ុត គឺជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សទូទាំងពិភពលោក ព្រោះវាមានរស់ជាតិឆ្ងាញ់ ហើយសម្បូរសារធាតុចិញ្ចឹមដែលអាចជួយលើកកម្ពស់ដល់សុខភាព។ ប៉ុន្តែ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការទទួលទានស៊ុតនៅជ័រព្នៅ រាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានតែ៥០ភាគរយ ប៉ុណ្ណោះ ហើយអាចបង្កហានិភ័យផ្សេងៗដល់សុខភាពថែមទៀត។

ស៊ុតជ័រព្នៅ មានផ្ទុកបាក់តេរីមួយប្រភេទដែលអាចបណ្តោលឲ្យអ្នកពុលបាន ហើយរោគសញ្ញាពុលមានដូចជា ចុកពោះ រាគ ក្អួត ក្តៅខ្លួន និងឈឺក្បាល។ រោគសញ្ញានេះអាចលេចឡើង ក្រោយពេលអ្នកបរិភោគរួច៦ទៅ៤៨ម៉ោង ហើយអាចបន្តរហូតដល់ ៣ ទៅ ៧ថ្ងៃ។

ហេតុនេះ អ្នកគួរតែជៀសវាងទទួលទានស៊ុតជ័រព្នៅ ជាពិសេសចំពោះមនុស្ស៤ប្រភេទខាងក្រោមនេះ៖

១.ស្ត្រីមានផ្ទៃពោះ
បាក់តេរីដែលមាននៅក្នុងស៊ុតជ័រព្នៅ អាចបង្កឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះមានការឈឺចាប់ ហើយលទ្ធផលអាចជួបហានិភ័យកូនកើតមិនគ្រប់ខែ ឬទារកស្លាប់ក្នុងផ្ទៃក៏មាន។

២.កុមារតូចៗ
ដោយសារតែប្រព័ន្ធភាពស៊ាំរបស់កុមារនៅមានភាពទន់ខ្សោយពេក បណ្តោលឲ្យមេរោគបាក់តេរីអាចធ្វើទុក្ខទោសមកលើរាងកាយរបស់ពួកកគេបាន​យ៉ាង​ងាយ។

៣.មនុស្សវ័យចំណាស់

មានកត្តាជាច្រើន ដែលងាយនឹងធ្វើឲ្យមនុស្សចាស់ទទួលរងនូវការវាយប្រហារពីពពួកបាក់តេរី ជាពិសេសប្រព័ន្ធរំលាយអាហាររបស់ពួកគាត់តែម្តង។

៤.អ្នកដែលខ្សោយប្រព័ន្ធភាពស៊ាំ

ជាធម្មតា ចំពោះមនុស្សដែលមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម អ្នកឆ្លងមេរោគអេដស៍ ឬអ្នកជំងឺមហារីកស្បែក មិនគួរទទួល​ទានស៊ុត​នៅជ័រព្នៅ​នោះទេ៕

មតិយោបល់