ព័ត៌មានសុខភាព

អាហារ៧ប្រភេទ កាន់តែញ៉ាំ អ្នកកាន់តែក្មេងជាងវ័យ

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសម្រស់ស្រស់ស្អាតនៅក្មេងជាងវ័យជារៀងរហូត ព្រោះនៅពេលដែលពួកគេមានវ័យកាន់តែចាស់ ស្បែកក៏កាន់តែមានភាពជ្រីវជ្រួញដូចគ្នាដែរ។ ផ្ទុយកទៅវិញ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានរបបអាហារទាំងអស់នេះជាប្រចាំថ្ងៃ ច្បាស់ជា​មានសម្រស់​ក្មេងជាងវ័យ​រហូតដល់ទៅ១០ឆ្នាំ។

១.ផ្លែប័រ
ជាតិខ្លាញ់ដែលមានក្នុងផ្លែប័រ អាចធ្វើឲ្យអ្នកមានសុខភាពល្អ រួមទាំងស្បែក និងសក់ផងដែរ។ ទទួលទានផ្លែប័រឲ្យបាន១ផ្លែក្នុងមួយថ្ងៃ វាអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងបង្កើនកោសិកាស្បែកជាមួយវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនលើសលប់។ លោកអ្នកអាចទទួលទានសាច់របស់វាដោយផ្ទាល់ ឬយកទៅក្រឡុកក៏បាន តែកុំបន្ថែមស្ករឲ្យផ្អែមខ្លាំងពេក ព្រោះវាបណ្តាលឲ្យខូចសុខភាពទៅវិញ។

២.ទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរ តូចតែមាឌនោះទេ ប៉ុន្តែមានប្រយោជន៍ច្រើនហួសការស្មាន ព្រោះវាផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារ ឬពន្យាភាពចាស់ កាត់បន្ថយការហើម និងឈឺសន្លាក់។ ដូច្នេះ អ្នកគួរតែទទួលទានផ្លែទំពាំងបាយជូរជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ ហើយអាចបង្កើនការចងចាំ ការពារជំងឺវង្វេង និងជំងឺប្រព័ន្ធនោម។

៣.ការ៉ុត
ការ៉ុត ត្រូវបានគេចាត់ទុកជាបន្លែ ដែលជួយបង្កើនសមត្ថភាពភ្នែក និងការពារជំងឺភ្នែកយ៉ាងពូកែបំផុត ព្រោះវាសម្បូរវីតាមីន A ។ ម៉្យាងទៀត ការ៉ុត ក៏អាចជួយការពារស្បែក និងកាត់បន្ថយភាពជ្រាវជ្រួញ ដែលបង្កដោយកាំរស្មី UV ។

៤.ផ្លែក្រូច
ផ្លែក្រូច មានច្រើនប្រភេទ ដូចជាផ្លែក្រូចពោធិ៍សាត់ ក្រូចឆ្មា និងក្រូចថ្លុង សុទ្ធតែសម្បូរទៅដោយវីតាមីន C និងអាស៊ីតហ្វូលិក ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងអាស៊ីតអ៊ុយរិចក្នុងឈាម។ មិនត្រឹមតែប៉ុណ្ណោះ ត្រកូលក្រូច ក៏អាចជួយសម្រួលប្រព័ន្ធឈាម កាត់បន្ថយបញ្ហាបេះដូង និងជំងឺសន្លាក់ជាដើម។

៥.ខ្ទឹមស
ខ្ទឹមស សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើវាឲ្យក្លាយទៅជាអាវុធដ៏ខ្លាំងពូកែសម្រាប់កម្ចាត់ពពួកមេរោគឆ្លង ដូចជាបាក់តេរី និងផ្សិត។ ម្យ៉ាងទៀត វាក៏អាចរក្សាតុល្យភាពកូឡេស្តេរ៉ុល ធ្វើឲ្យឈាមដើរស្រួល និងកាត់បន្ថយហានិភ័យជំងឺមហារីក។

៦.ប៉េងប៉ោះ
មនុស្សជាច្រើនជឿថា ការញ៉ាំប៉េងប៉ោះ១ផ្លែក្នុងមួយថ្ងៃ អ្នកប្រាកដជាមានអាយុ១០០ឆ្នាំ។ ទស្សនៈនេះ គឺត្រឹមត្រូវណាស់ ព្រោះប៉េងប៉ោះសម្បូរសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា វីតាមីន A វីតាមីន C និងវីតាមីន B ជាដើម។ ម៉្យាងទៀត ប៉េងប៉ោះ មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែទំពាំងបាយជូររហូតដល់១៤ដង ដែលអាចជួយការពារពីកាំរស្មី UV កាត់បន្ថយបញ្ហាសរសៃឈាមបេះដូង។

៧.រមៀត

រមៀត កំពុងក្លាយទៅជាគ្រឿងផ្សំដែលមានប្រជាប្រិយបំផុត ព្រោះវាអាចប្រឆាំងនឹងជំងឺមហារីក សម្រួលប្រព័ន្ធរំលាយអាហារ កាត់បន្ថយការរលាក ជាពិសេសវាអាចជួយបំបាត់ភាពតានតឹងដែលអ្នកកំពុងមាន៕

មតិយោបល់