បរទេសៈ ចេកមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលចាំបាច់បំផុតសម្រាប់រាងកាយ។ ប្រសិនបើអ្នកទទួលទានចេក ៣ផ្លែក្នុងមួយថ្ងៃ អាចបង្កើនសុខភាពបេះដូង និងសរសៃឈាម ហើយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមបេះដូង ឬខួរក្បាល។ អ្នកវិទ្យាសាស្ត្រអង់គ្លេស និងអ៊ីតាលីបានកំណត់ថា ការញ៉ាំចេក ១ផ្លែរាល់ថ្ងៃ រាងកាយនឹងទទួលបានសារធាតុប៉ូតាស្យូម ព្រមទាំងកាត់បន្ថយកំណកឈាមក្នុងខួរក្បាលរហូតដល់ទៅ ២១%។
បើយោងតាមទស្សនាវដ្តីអាមរិក ដែលចេញផ្សាយនៅក្នុងឆ្នាំ ២០១១ បានបង្ហាញថា ចំនួននៃជំងឺដាច់សរសៃឈាមខួរក្បាលអាចត្រូវបានការពារ ប្រសិនបើអ្នកទទួលបានសារធាតុប៉ូតាស្យូមគ្រប់គ្រាន់តាមរយៈអាហារដូចជា ចេក ត្រី ស្ពៃខ្មៅ…។ ក្នុងមួយថ្ងៃអ្នកត្រូវការ ១៦០០មីលីក្រាមនៃសារធាតុប៉ូតាស្យូម ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្តែអ្នកដឹងទេថា តើត្រូវធ្វើដូចម្តេចទើបអាចបំពេញតម្រូវការជាប្រចាំថ្ងៃបាន? គ្រាន់តែបរិភោគចេកមួយថ្ងៃ ៣ផ្លែ វានឹងផ្តល់សារធាតុប៉ូតាស្យូម ៥០០មីលីក្រាម និងជំរុញឲ្យខួរក្បាលដំណើរការមុខងារបានត្រឹមត្រូវ ការពារកំណកឈាម ព្រមទាំងជំងឺដាច់សរសៃឈាមខួរក្បាល។
សារធាតុចិញ្ចឹម និងអត្ថប្រយោជន៍
ក្រៅពីប៉ូតាស្យូមកម្រិតខ្ពស់ ចេកសម្បូរទៅដោយវីតាមីនB6 វីតាមីនC ម៉ង់ហ្គាណែស និងជាតិសរសៃដែលអាចជួយរំលាយអាហារផងដែរ។ ចេកមានផ្ទុកបរិមាណមធ្យមនៃកាឡូរី ១០៨ និងបរិមាណតិចតួចនៃកូឡេស្តេរ៉ុល ជាតិខ្លាញ់ និងសូដ្យូម ដែលធ្វើឲ្យពួកវាក្លាយទៅជាអាហារសម្រន់ដ៏ប្រសើរ។ មួយវិញទៀតសម្រាប់អ្នកលេងកីឡាក៏ស័ក្តិសមដែរ ព្រោះវាជាតិស្ករទាប។ បើតាមការសិក្សាមួយចំនួន ការបរិភោគចេក ៣ផ្លែ អាចសាងថាមពលឡើងវិញក្នុងរយៈពេល ៩០នាទី។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ផ្សេងទៀតចំពោះសុខភាពនៃការទទួលទានចេក ៣ផ្លែក្នុងមួយថ្ងៃ៖
– កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត
– រក្សាសម្ពាធឈាម
– ប្រឆាំងនឹងការទល់លាមក
– ព្យាបាលជំងឺឈឺក្បាលធីងធោង
– ជួយឲ្យឆ្អឹងរឹងមាំ
– កាត់បន្ថយបញ្ហាស្ត្រេស
– ជួយផ្តាច់ការញៀនបារី
– ព្យាបាលភាពស្លេកស្លាំង
– សម្រកទម្ងន់
ដូច្នេះ អ្នកគួរតែទម្លាប់ទទួលទានចេកមួយថ្ងៃឲ្យបាន ៣ផ្លែ ដើម្បីការពារសុខភាពឲ្យជៀសផុតពីបញ្ហាផ្សេងៗ៕
មតិយោបល់