ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យអ្នកនោមញឹកខុសគេ

ការនោមញឹកមិនមែនជារឿងធម្មតាដែលអ្នកត្រូវមើលរំលងនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយប្រសិនបើបណ្តែតបណ្តោយយូរ អាចកើតជំងឺធ្ងន់ធ្ងរពិបាកនឹងព្យាបាលថែមទៀត។

បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការនោមញឹកហួសប្រមាណ អាចកើតឡើងដោយសារតែមូលហេតុធំៗ ៥យ៉ាង។



១.កើតជំងឺទឹកនោមផ្អែម

ការបញ្ចេញនោមញឹកជាមួយនឹងបរិមាណទឹកដ៏ច្រើន គឺជារោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២ ដំណាក់កាលដំបូង។ នេះដោយសារតែរាងកាយព្យាយាមបណ្តេញជាតិស្ករដែលលើសតាមរយៈទឹកនោម។

២.ការមានផ្ទៃពោះ
ពេលចាប់ផ្តើមមានផ្ទៃពោះក្នុងដំណាក់កាលដំបូង ស្បូនក៏ចាប់ផ្តើមរីកធំដែរ ហើយប្លោកនោមច្បាស់ជាត្រូវទទួលរងនូវសម្ពាធ។ នេះហើយ​ជាមូលហេតុ​មួយទៀត ដែលបណ្តោលឲ្យអ្នកនោមញឹក។

៣.បញ្ហាក្រពេញប្រូស្តាត
ប្រសិនបើក្រពេញប្រូស្តាតរីកធំ លំហូរនោមច្បាស់ជាត្រូវរាំងស្ទះ ហេតុនេះហើយការបញ្ចេញនោមបានតិច ប៉ុន្តែត្រូវបញ្ចេញច្រើនដង។

៤.កើតរោគស្ត្រេស
បញ្ហាស្ត្រេស ធ្វើឲ្យខូចសរសៃប្រសាទដែលត្រូវផ្គត់ផ្គង់ឈាមទៅកាន់ប្លោកនោម ហើយទីបំផុតមុខងារប្លោកនោមច្បាស់ជាមានបញ្ហា។ កត្តាមួយនេះ ក៏អាចជំរុញឲ្យអ្នកនោមញឹកផងដែរ។



៥.ឆ្លងមេរោគ ឬមានបញ្ហាក្រួសក្នុងតម្រងនោម

ការឆ្លងមេរោគ ឬក្រួសក្នុងតម្រងនោម អាចបណ្តោលឲ្យរលាកប្លោកនោម និងធ្វើឲ្យអ្នកនោមញឹក។ នេះគឺជាមូលហេតុមួយទៀត នៅក្នុងចំណោមមូលហេតុចម្បងទាំងឡាយដែលធ្វើឲ្យអ្នកចង់តែនោម៕

មតិយោបល់