ព័ត៌មានសុខភាព

បើឃើញសញ្ញាបែបនេះក្នុងពេលពពោះ បញ្ជក់ថាអ្នកកំពុងតែជួបអាសន្នហើយ

ក្នុងអំឡុងពេលពពោះ អ្នកម្តាយត្រូវ​យកចិត្តទុកដាក់ឲ្យ​បានខ្លាំង​បំផុត រាល់សកម្មភាព​គ្រប់បែបយ៉ាង រួមទាំង​ការទទួលទាន​ចំណីអាហារ​ផ្សេងៗ ដើម្បីជួយឲ្យទារកក្នុងផ្ទៃ​មាន​សុខភាពល្អ។ តែប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់​នោះទេ អ្នកត្រូវចេះ​សង្កេតមើល​រោគសញ្ញា​មិនប្រក្រតី​មួយចំនួន​ផងដែរ ព្រោះវាអាច​ប៉ះពាល់ដល់ទារក ហើយបើធ្ងន់ធ្ងរទារកអាចរលូត ឬស្លាប់​ក្នុងផ្ទៃ​ដោយ​មិន​ដឹង​ខ្លួន។

ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលអ្នកម្តាយគ្រប់រូបគួរតែប្រុងប្រយ័ត្នៈ

១.ហូរឈាមចេញពីទ្វារមាសដូចពេលមករដូវ ឬហូរឈាមដោយគ្មានការឈឺចាប់។
២.នៅសុខៗស្រាប់តែ ហើមមុខ ដៃឬជើង ដោយមិនដឹងខ្លួន។
៣.ចេះតែឈឺក្បាលមិនបាត់។
៤.ភ្នែកមើលមិនច្បាស់ ឬស្រពិចស្រពិល។
៥.បត់ជើងតូចក្នុងបរិមាណតិចជាងធម្មតា ហើយមានអាការឈឺ ឬក្រហាយ។
៦.គ្រុនញាក់ គ្រុនក្តៅ យូរមិនព្រមបាត់។
៧.ចេះតែមានការឈឺចាប់ក្នុងពោះមិនព្រមធូរ។
៨.ប្រសិនបើមានអ្វីមកប៉ះ ឬរងរបួសចំផ្នែកខាងក្រោមនៃពោះ ហើយគ្មានការឈឺចាប់។
៩.ចេះតែមានសារធាតុរាវហូរចេញពីទ្វារមាស។
១០.ទារកមានចលនាតិច ឬរៀងរាល់៤ម៉ោង គ្មានការផ្លាស់ប្តូរម្តងសោះ។

ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញា​ណាមួយ ដូចការរៀបរាប់​នៅខាងលើ​នេះ គួរ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយនឹង​ពេទ្យ​ជំនាញ​ជា​បន្ទាន់៕

មតិយោបល់