ព័ត៌មានសុខភាព

អត្ថប្រយោជន៍នៃស្ពៃក្តោប ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុន

ស្ពៃក្តោប គឺជាបន្ថែមួយប្រភេទដែលបងប្អូនខ្មែរយើងចូលចិត្តយកទៅស្ងោរ ឆា ឬធ្វើជាជ្រក់ សម្រាប់ទទួលទានជាដើម។ ក៏ប៉ុន្តែ ស្ពៃក្តោប មិនត្រឹមតែជាបន្លែដែលមានរស់ជាតិខ្លាញ់ពិសារប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្រៃសម្រាប់សុខភាព។ បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា ការទទួលទានស្ពៃក្តោប ទៀងទាត់ អាចជួយការពារជំងឺរាប់មុខ។

ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
ស្ពៃក្តោប មានផ្ទុកជាតិសរសៃច្រើន ដែលមានសារៈសំខាន់បំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ។ វាអាចជួយបញ្ឈប់ការទល់លាមក បញ្ឈប់បញ្ហរមួលពោះវៀន និងអាការៈហើមពោះ ។ ការទទួលទានស្ពៃក្តោបជាប្រចាំ អាចបញ្ឈប់ការលូតលាស់នៃជំងឺដូចជា បញ្ហាពោះវៀនធំ និងមហារីកពោះវៀនផងដែរ។

បង្កើនថាមពលកាន់តែខ្លាំង
ជាតិដែកដែលមាននៅក្នុង ស្ពៃក្តោប អាចផ្តល់នូវថាមពលដ៏ខ្លាំងក្លា ជួយបង្កើនដល់លំហូរឈាម និងការរំលាយអាហារ។ មិនតែប៉ុណ្ណោះ វាអាចជួយឲ្យរាងកាយជៀសផុតពីភាពស្លេកស្លាំង ហើយអាចប្រយុទ្ធប្រឆាំងនឹងអាការៈឈឺក្បាល។

ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន C រួមជាមួយវីតាមីនផ្សេងៗទៀតដែលមាននៅក្នុងស្ពៃក្តោប អាចជួយជំរុញឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយកាន់តែមានភាពរឹងមាំ។ លើសពីនេះ វាអាចជួយឲ្យបង្កើតឡើងវិញនៃកោសិកាឈាមស និងស្រទាប់កូឡាជែនកាន់តែច្រើន ដែលចាំបាច់សម្រាប់សរីរាង្គទាំងអស់។

ធ្វើឲ្យឆ្អឹងរឹងមាំ
បន្លែមួយប្រភេទនេះ សម្បូរទៅដោយវីតាមីន K ដែលមានសមត្ថភាពធ្វើឲ្យឆ្អឹងកាន់តែរឹងមាំ ហើយអាចបញ្ឈប់បញ្ហាពុកឆ្អឹងផងដែរ។

កាត់បន្ថយការរលាក
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មរបស់ ស្ពៃក្តោប អាចជួយកាត់បន្ថយ និងបំបាត់បញ្ហារលាកយ៉ាងមានប្រសិទ្ធភាព។ ការបរិភោគស្ពៃក្តោប ទៀងទាត់ អាចជួយកាត់បន្ថយការឈឺចាប់គ្រប់ផ្នែកនៃរាងកាយដែលរលាក។

បង្ការជំងឺមហារីក
ការស្រាវជ្រាវមួយចំនួនបានរកឃើញថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងស្ពៃក្តោប អាចសម្លាប់រ៉ាល់ឌីកាល់សេរី ហើយអាចបង្ការជំងឺមហារីកបាន។

កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់
ជាតិសរសៃនៅក្នុង ស្ពៃក្តោប អាចជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ ដែលបណ្តោលឲ្យស្ទះសរសៃឈាមអាក់ទែ ហើយអាចបញ្ជៀសបញ្ហាបេះដូងថែមទៀត។

ជួយឲ្យស្បែកមានភាពស្អាត និងភ្នែកភ្លឺច្បាស់
វីតាមីនA គឺមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ភ្នែក និងស្បែក។ ជាពិសេសវាអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ខ្សោយមើលមិនច្បាស់ ហើយកាត់បន្ថយភាពជ្រីវជ្រួញផងដែរ៕

មតិយោបល់