ព័ត៌មានសុខភាព

មួយថ្ងៃដើរ១ម៉ឺនជំហ៊ាន អាចជៀសផុតពីជំងឺ៥ប្រភេទ

កង្វះលំហាត់ប្រាណគឺជាមូលហេតុចម្បងដែល​បណ្តោលឲ្យមនុស្ស​ឆាប់ស្លាប់បំផុត ដោយសារតែបញ្ហាខ្លាញ់ សម្ពាធឈាម​ឡើងខ្ពស់ បញ្ហាបេះដូង និងកើតជំងឺផ្សេងៗ។ ផ្ទុយទៅវិញប្រសិន​បើអ្នក ធ្វើលំហាត់ប្រាណ​ទៀងទាត់ អ្នកនឹង​មានសុខភាព​ល្អ ហើយ​អាចចៀសបញ្ហា​ទាំងអស់នេះ។ បើយោងតាម​គេហទំព័រ boldsky បានបង្ហាញថា ការធ្វើលំហាត់ប្រាណ​ដើរដោយថ្មើរជើង មួយថ្ងៃ១ម៉ឺនជំហ៊ាន អាចជៀសផុតពីជំងឺ៥មុខ។

១.បញ្ហាបេះដូង
ការដើរគឺជាលំហាត់ប្រាណមួយ ដែលជួយឲ្យចង្វាក់បេះដូងដំណើរការបានល្អ ហើយជៀសផុតពីបញ្ហាផ្សេងៗ។ ជាពិសេស វាមានសមត្ថភាព បញ្ចូនអុកស៊ីសែន និងឈាមទៅគ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយបានគ្រប់គ្រាន់។

២.កាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗ
ការដើរកាន់តែច្រើន អាចជួយកាត់បន្ថយបញ្ហាឡើងសម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺ​មហារីក​ពោះវៀន និងសុដន់។

៣.គ្រប់គ្រងបញ្ហាឡើងទម្ងន់

ថ្វីត្បិតតែការដើរមិនអាចជួយឲ្យអ្នកស្រកទម្ងន់បានក៏ពិតមែន ប៉ុន្តែវាអាចជួយរក្សាទម្ងន់​ឲ្យនៅថេរ ហើយមាន​សុខភាពល្អ​ជានិច្ច។

៤.ជៀសផុតពីបញ្ហាស្ត្រេស
ការដើរទៀងទាត់ អាចជួយកែប្រែប្រព័ន្ធប្រសាទ​ឲ្យជៀសផុត​ពីភាពតានតឹង ហើយជួយរំសាយអារម្មណ៍​មួម៉ៅថែម​ទៀត។ នេះ​ហើយ​ជាមូលហេតុដែល​ធ្វើឲ្យអ្នក​មានអារម្មណ៍​ល្អ ចិត្តត្រជាក់ គ្មាន​បញ្ហាស្ត្រេស​ឡើយ។

៥.ការពារជំងឺប៉ោងសរសៃ
នៅពេលដែលអ្នកមានវ័យកាន់តែចាស់ បញ្ហាប៉ោងសរសៃជើង​នឹងប្រឈម​កាន់តែខ្លាំង។ ប៉ុន្តែការដើរ គឺជាវិធី​ដ៏មានប្រសិទ្ធភាព​ក្នុងការ​ការពារ​មិនឲ្យមានបញ្ហាប៉ោងសរសៃ​ជើង។ មិនតែប៉ុណ្ណោះ ទម្លាប់មួយនេះ​អាចជួយពង្រឹងសរសៃ​ឈាមរត់ រក្សា​សាច់ដុំជើង និងបង្កើន​លំហូរឈាម​ក្នុងរាងកាយ​ឲ្យមានសុខភាពល្អ។

ដោយសារតែឃើញពីអត្ថប្រយោជន៍ទាំងអស់​នេះហើយ ទើបអ្នកជំនាញ​បានផ្តល់អនុសាសន៍ឲ្យអ្នករាល់គ្នា​ដើរឲ្យបាន​ទៀងទាត់ បើមិនបាន១ម៉ឺនជំហ៊ាន យ៉ាងហោចណាស់មួយ​ថ្ងៃក៏បាន១៥នាទីដែរ៕

មតិយោបល់