ព័ត៌មានសុខភាព

អ្នកលើសឈាម! បើចង់រស់បានយូរគួរអនុវត្ត៧ចំណុចនេះ

ការកំណត់របបអាហារចំពោះអ្នកដែលកើតជំងឺលើសឈាម ពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងការការពារសម្ពាធឈាមឡើងខ្ពស់ ក៏ដូចជាផលវិបាកនៃជំងឺផ្សេងៗ។ បើយោងតាមអ្នកជំនាញបានបង្ហាញថា ការទទួលទានអាហារបានត្រឹមត្រូវ អាចនាំមកនូវផលល្អសម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ រួមទាំងករណីឡើងសម្ពាធឈាមដោយសារតែតំណពូជផងដែរ។ ខាងក្រោមនេះ គឺជាវិធានការ ៧យ៉ាង ដើម្បីការពារ និងគ្រប់គ្រងផលវិបាកនៃសម្ពាធឈាមឡើងខ្ពស់។

១.កំណត់ជាតិអាល់កុល
អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ ត្រូវតែដឹងអំពីដែនកំណត់នៃការទទួលទានស្រា គឺមិនលើសពី៣កែវក្នុងមួយថ្ងៃឡើយសម្រាប់បុរស រីឯមនុស្សស្រីវិញត្រឹមតែ២កែវប៉ុណ្ណោះ។

២.កុំបណ្តោលឲ្យទម្ងន់ឡើងជ្រុលពេក
ការលើសទម្ងន់ គឺជាមូលហេតុចម្បងដែលជះឥទ្ធិពលអាក្រក់ដល់បេះដូង និងសម្ពាធឈាម។ ដូច្នេះ ប្រសិនបើអ្នកលើសទម្ងន់ ធាត់ ឬឡើងទម្ងន់ភ្លាមៗ គួរតែផ្លាស់ប្តូររបអាហារ និងធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ។

៣.ប្រយ័ត្នចំពោះការបរិភោគអំបិល
សម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ គួរតែកំណត់ការប្រើប្រាស់អំបិលត្រឹមតែ ៦ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។ ព្រោះអំបិលមានផ្ទុកជាតិសូដ្យូមខ្ពស់ ដែលធ្វើឲ្យមានផលអវិជ្ជមានដល់សម្ពាធឈាម ប្រសិនបើអ្នកប្រើច្រើនជាងនេះ។

៤.កំណត់ការទទួលទានសាច់
មិនចំពោះតែសាច់គោ សាច់ជ្រូក សាច់ជចៀម ឬសាច់បក្សីផ្សេងទៀតឡើយ សុទ្ធតែមានផ្ទុកខ្លាញ់មិនឆ្អែត ប្រសិនបើអ្នកបរិភោគច្រើនពេកនឹងប៉ះពាល់ដល់សម្ពាធឈាម។ ដូច្នេះ អ្នកគួរតែកាត់បន្ថយសាច់ទាំងអស់នេះ ឬទទួលទានត្រីជំនួសវិញប្រសើរជាង។

៥.ញ៉ាំបន្លែឲ្យបានច្រើន
ការសិក្សាជាច្រើនបានបង្ហាញថា របបអាហារដែលមានផ្ទុកសារធាតុប៉ូតាស្យូមច្រើន អាចធ្វើឲ្យសម្ពាធឈាមចុះទាប។ ហេតុនេះហើយ ទើបអ្នកជំនាញផ្នែកសុខភាពបានផ្តល់អនុសាសន៍ឲ្យទទួលទានបន្លែ ដែលសម្បូរសារធាតុប៉ូតាស្យូម។

៦.ផ្តល់អាទិភាពទៅលើអាហារដែលមានជាតិខ្លាញ់ទាប
អ្នកគួរតែជ្រើសរើសទឹកដោះគោដែលគ្មានជាតិខ្លាញ់ ឬទឹកដោះគោយ៉ាងអួ ដែលគ្មានជាតិស្ករ។ ក្រៅពីនេះ ប្រសិនបើអ្នកចង់ទទួលទានផលិតផល គួរតែជ្រើសផលិតផលណាដែលមានជាតិខ្លាញ់ទាប ទើបប្រសើរសម្រាប់សុខភាព។

៧.ប្រើឱសថ ដើម្បីរក្សាលំនឹងសម្ពាធឈាម
វិធីចុងក្រោយ ប្រសិនបើអ្នកគ្មានជម្រើសទេ សូមប្រើប្រាស់ថ្នាំរក្សាលំនឹងសម្ពាធឈាម ដែលត្រូវបានចេញវេជ្ជបញ្ជារដោយគ្រូពេទ្យជំនាញ ព្រោះថ្នាំ ប្រភេទនេះអាចជួយរក្សាស្ថេរភាពសម្ពាធឈាម ឲ្យមានលំនឹងបានយូរអង្វែង៕

ប្រភពៈ soha

មតិយោបល់