គ្រប់គ្នាដឹងហើយថា ជំងឺមហារីកសុដន់ បានឆក់យកជីវិតមនុស្សស្រីរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារតែភាពធ្វេសប្រហែសមិនបានពិនិត្យសុខភាពជាប្រចាំ ហើយភាគច្រើនទាល់តែមានបញ្ហាធ្ងន់ធ្ងរទើបរត់រកពេទ្យឲ្យជួយ។ ផ្ទុយទៅវិញជំងឺមួយនេះ អាចព្យាបាលឲ្យជាសះស្បើយបាន ប្រសិនបើអ្នកដឹងពីរោគសញ្ញាដំបូងរបស់វា។
បើយោងតាមគេហទំព័រ healthylifehouse បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្មេងវ័យជំទង់ជនជាតិ ម៉ិកស៊ិក ម្នាក់ ដែលមានឈ្មោះ Julian Rois Cantu បានបង្កើតអាវទ្រនាប់ពិសេសម្យ៉ាងអាចធ្វើការវិនិច្ឆ័យរកមើលជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយជោគជ័យ បន្ទាប់ពីម្តាយរបស់គាត់ត្រូវរងនូវការវាយប្រហារដោយជំងឺកាចសាហាវមួយនេះ បណ្តោលឲ្យបាត់បង់សុដន់ទាំងសងខាង។
អាវទ្រនាប់ដ៏ពិសេសនេះ ត្រូវបានគេពាក់មួយម៉ោងក្នុងមួយសប្តាហ៍ ហើយក្នុងអំឡុងពេលមួយម៉ោងនេះ ឧបករណ៍ sensors នឹងពិនិត្យមើលពេញផ្ទៃសុដន់ ទាំងសម្បុរ សីតុណ្ហភាព និងលំហូរឈាម។ ទិនន្ន័យនឹងផ្ទេរតាមរយៈ Bluetooth ទៅកាន់កុំព្យូទ័រ ហើយទិនន្ន័យទាំងនេះអាចវិភាគដឹងថា សុដន់របស់អ្នកមានសុខភាពល្អធម្មតា ឬកំពុងតែមានជំងឺ។
រហូតមកដល់ឥឡូវនេះ Julian ត្រូវបានគេជំរុញឲ្យបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Higia Technologies ក្នុងគោលបំណងប្រើបច្ចេកវិទ្យាថ្មីបង្កើតអាវទ្រនាប់ សម្រាប់ជួយការពារស្ត្រីកុំឲ្យបាត់បង់ជីវិតដោយសារជំងឺមហារីកសុដន់៕
សូមទស្សនាវីដេអូខាងក្រោមៈ
មតិយោបល់