ព័ត៌មានសុខភាព

៤វិធីដ៏សាមញ្ញាបំផុត អាចការពារអ្នកឲ្យជៀសផុតពីជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺដែលគំរាមកំហែងដល់អាយុជីវិត ដែលកើតឡើងនៅពេលដែលខួរក្បាលមិនអាចទទួលការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់។

អ្នកដែលកើតជំងឺនេះ អាចនាំឲ្យខូចខួរក្បាល ពិការភាពមួយចំហៀងខ្លួន ហើយបើធ្ងន់ធ្ងរអាចនិងស្លាប់។ មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺដ៏មានគ្រោះថ្នាក់នេះ គឺសម្ពាធឈាមឡើងខ្ពស់ ឬកូលេស្តេរ៉ុល ដែលប្រមូលផ្តុំកាន់តែច្រើនឡើងៗនៅក្នុងសរសៃឈាម ហើយទីបំផុតឈាមត្រូវស្ទះមិនអាចបញ្ចូនទៅកាន់ខួរក្បាលបានឡើយ។

តែទោះជាយ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាល អាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖

១.ផ្លាស់ប្តូររបបអាហារ
របបអាហារ ដែលគ្មានផាសុខភាព អាចនាំឲ្យមានសម្ពាធឈាមខ្ពស់ និងកម្រិតកូលេស្តេរ៉ុលកើនឡើង។ នេះហើយ គឺជាកត្តាដែលនាំឲ្យកើតមានជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសមនុស្សដែលមានវ័យចំណាស់។

ក្រុមអ្នកជំនាញបានណែនាំថា របបអាហារដែលមានជាតិខ្លាញ់ទាប និងជាតិសរសៃខ្ពស់ ដូចជាបន្លែផ្លែឈើ ព្រមទាំងគ្រាប់ធញ្ញជាតិ គឺជាអាហារដែលអ្នកគួរទទួលទានជាប្រចាំ។

ម្យ៉ាងវិញទៀត អ្នកគួរកំណត់ការទទួលទានអាហារប្រៃ និងប្រភេទអាហារកែច្នៃ។ ដូច្នេះ ក្នុងមួយថ្ងៃ អ្នកមិនត្រូវទទួលទានអំបិលលើពី ៦ក្រាមឡើង ព្រោះការទទួលទានច្រើនពេកអាចបង្កើនសម្ពាធឈាម។

២.ធ្វើលំហាត់ប្រាណ
របបអាហារមានសុខភាពល្អ រួមផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណទៀងទាត់ទៀតនោះ គឺជាវិធីដ៏ល្អបំផុត ក្នុងការបញ្ជៀសឲ្យឆ្ងាយពីជំងឺដាច់សរសៃឈាមខួរក្បាល។

សម្រាប់មនុស្សដែលមានសុខភាពល្អ គួរតែចំណាយពេលធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ ១៥០នាទី (ឬ២ម៉ោងកន្លះ) ក្នុងមួយសប្តាហ៍ ដូចជាការជិះកង់ ឬរត់យឺតៗ។

៣.ឈប់ជក់បារី
ការជក់បារី អាចបណ្តោលឲ្យសរសៃឈាមអាក់ទែ ខ្សោយមុខងារ ហើយបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើង។

អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយបញ្ឈប់ការជក់បារីចាប់ពីថ្ងៃនេះ។ ការជក់បារី មិនត្រឹមតែអាចជួយកែលម្អសុខភាពទូទៅប៉ុណ្ណោះទេ វាក៏អាចបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរដទៃទៀត ដូចជាជំងឺមហារីកសួត និងជំងឺបេះដូងជាដើម។

៤.កំណត់ការទទួលទានជាតិអាល់កុល
ការទទួលទានគ្រឿងស្រវឹងច្រើនពេក អាចនាំឲ្យមានសម្ពាធឈាមខ្ពស់ និងបណ្តោលឲ្យចង្វាក់បេះដូងលោតខុសធម្មតា ហើយខណៈនេះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនឹងកើតឡើង។

បុរស និងស្ត្រី មិនគួរទទួលទានគ្រឿងស្រវឹងលើសពី ១៤ កំប៉ុងក្នុងមួយសប្តាហ៍ឡើយ បើពុំដូច្នោះទេ អ្នកច្បាស់ជាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលជាមិនខាន។

គួរបញ្ជាក់ផងដែរថា ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាមូលហេតុទី៣ ដែលបណ្តោលឲ្យប្រជាជននៅចក្រភពអង់គ្លេស ស្លាប់ជារៀងរាល់ឆ្នាំ៕

ដកស្រង់ពី៖ soha

មតិយោបល់