ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ពិតជាល្អសម្រាប់សុខភាព តែប្រសិនបើអ្នកទទួលទានហួសប្រមាណ ច្បាស់ជាប៉ះពាល់ដល់សុខភាពវិញជាមិនខាន។ ជាពិសេសថ្លើម ត្រូវទទួលបន្ទុកធ្ងន់ក្នុងការសម្អាតជាតិពុលចេញពីរាង្គកាយ ហើយវាក៏ត្រូវប្រឈមនឹងបញ្ហាខ្លាំងជាងគេដែរ។ ទោះជាយ៉ាងណា តាមរយៈគេហទំព័រ soha បានចុះផ្សាយថា ដើម្បីកាត់បន្ថយផលអវិជ្ជមានចំពោះសុខភាព អ្នកត្រូវជៀសវាងរឿង៥យ៉ាង បន្ទាប់ពីទទួលទានគ្រឿងស្រវឹង។
១.ទទួលទានសាច់ក្រក
ការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានសាច់ក្រក ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានតិច ប៉ុន្តែវាគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយនោះទេ។ ម្យ៉ាងវិញទៀត វាសម្បូរជាតិខ្លាញ់ ដែលពិបាករំលាយ ជាពិសេសប្រសិនបើអ្នកទទួលទាន បន្ទាប់ពីផឹកគ្រឿងស្រវឹង។
ផ្ទុយទៅវិញ អ្នកជំនាញបានផ្តល់អនុសាសន៍ថា បន្ទាប់ពីទទួលទានគ្រឿងស្រវឹង គួរតែញ៉ាំស៊ុតស្ងោរ ព្រោះវាអាចជួយជំរុញដល់ការរំលាយឲ្យដំណើរការកាន់តែលឿន។
២.ផឹកកាហ្វេច្រើន
អ្នកត្រូវចាំថា ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក អាចនាំឲ្យជាតិទឹកក្នុងរាងកាយកើនឡើងកាន់តែច្រើន ហើយអ្នកនឹងស្រវឹងកាន់តែខ្លាំងប្រសិនបើទទួលទានកាហ្វេ បន្ទាប់ពីផឹកស្រា។
ក្រុមអ្នកជំនាញបានផ្តល់អនុវសាស៍ថា ប្រសិនបើស្រវឹងស្រាអ្នកគួរតែផឹកតែ១កែវ ហើយនៅថ្ងៃបន្ទាប់ត្រូវផឹកទឹកឲ្យបានច្រើន ដើម្បីបំពេញជាតិទឹកដែលបាត់បង់ និងឆាប់ស្រួលខ្លួនឡើងវិញ។
៣.ធ្វើលំហាត់ប្រាណ
បន្ទាប់ពីទទួលទានគ្រឿងស្រវឹង អ្នកគួរតែនៅឲ្យឆ្ងាយពីការធ្វើលំហាត់ប្រាណ មិនថាការធ្វើសកម្មភាពខ្លាំងៗ ឬរាំនោះទេ ព្រោះវាអាចបណ្តោលឲ្យខ្វះជាតិទឹកកាន់តែខ្លាំង។
យកល្អអ្នកត្រូវសម្រាកឲ្យស្ងៀម ហើយក៏មិនត្រូវគេងនៅនឹងមុខកង្ហារផងដែរ រហូតទាល់តែមានអារម្មណ៍ស្រួលខ្លួនឡើងវិញ។
៤.ញ៉ាំអាហារចៀន ឬបំពង
គ្រាន់តែជាតិពុលនៅក្នុងគ្រឿងស្រវឹង អាចបង្កឲ្យរាង្គកាយមានបញ្ហាទៅហើយ ចុះទំរាំតែអ្នកទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ទៀតនោះ ពោះវៀននឹងទទួលរងនូវសម្ពាធកាន់តែខ្លាំង។
ដូច្នេះក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា អ្នកទទួលទានចេកទុំ ដើម្បីបំពេញសារធាតុប៉ូតាស្យូមដែលបាត់បង់ឲ្យត្រឡប់មកវិញ។
៥.ទទួលទានគ្រឿងស្រវឹងមុនពេលចូលគេ
មនុស្សភាគច្រើនតែងតែយល់ឃើញថា ការទទួលទានគ្រឿងស្រវឹងមុនពេលចូលគេងអាចជួយឲ្យគេងលក់ស្រួល។ តែផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានច្រើនពេក វាអាចរំខានដល់ការទទួលទានដំណេករបស់អ្នក ហើយប៉ះពាល់ដល់សុខភាពកាន់តែខ្លាំង៕
មតិយោបល់