ទឹកអំពៅ គឺជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយមានមនុស្សជាច្រើនណាស់ដែលចូលចិត្តទទួលទានស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែទឹកអំពៅមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ពិសារប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកសារធាតុសំខាន់ៗដូចជា ជាតិស្ករពីធម្មជាតិដែលអាចឲ្យរាងកាយស្រូបយកយ៉ាងឆាប់រហ័ស ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបង្ការការឆ្លងមេរោគ និងពង្រឹងប្រព័ន្ធភាពសាំរាងកាយថែមទៀត។
អ្នកឯកទេសផ្នែកចំណីអាហារជនជាតិឥណ្ឌា Shamika Kulkarni មានប្រសាសន៍ថា «ទឹកអំពៅមានកាឡូរីទាប និងតម្លៃអាហារូបត្ថម្ភខ្ពស់បំផុត។ លើសពីនេះ វាមានផ្ទុកសារធាតុចិញ្ចឹមដូចជា ជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម និងអេឡិចត្រូលីត(electrolytes) ផ្សេងទៀត ដែលល្អប្រសើរបំផុតសម្រាប់រាងកាយ»។ ជាពិសេស ប្រសិនបើអ្នកទទួលទានទឹកអំពៅមួយកែវលាយជាមួយនឹងក្រូចឆ្មាស្រស់មួយចំណិត ជាប្រចាំអាចការពារជំងឺបានច្រើនមុខ។
ខាងក្រោយនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានទឹកអំពៅរាល់ថ្ងៃៈ
១.បង្ការជំងឺមហារីក
ទឹកអំពៅសម្បូរសារធាតុរ៉ែ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងម៉ង់ហ្គាណែស ដែលអាចជួយការពារមិនឲ្យកោសិកាមហារីកលូតលាស់ឡើយ។ ដូច្នេះ មិនថាតែជំងឺមហារីកក្រពេញប្រូស្តាត មហារីកសុដន់ ឬមហារីកផ្សេងៗទៀតឡើយ ទឹកអំពៅអាចការពារបានទាំងអស់។
២.បង្ការជំងឺប្រព័ន្ធរំលាយអាហារ
អ្នកជំនាញបានបង្ហាញថា ទឹកអំពៅអាចជួយការពារប្រព័ន្ធរំលាយអាហារមិនឲ្យមានការរលាក ការពារការឆ្លងមេរោគក្រពះ និងព្យាបាលបញ្ហាទល់លាមកយ៉ាងពូកែ ដោយសារតែវាមានផ្ទុកសារជាតិប៉ូតាស្យូមកម្រិតខ្ពស់។
៣.បង្ការជំងឺបេះដូង
ភេសជ្ជៈធម្មជាតិមួយប្រភេទនេះ មិនត្រឹមតែអាចជួយបង្ការជំងឺបេះដូង តែមួយមុខនោះទេ សូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាល កូឡេស្តេរ៉ុល និងកម្រិតទ្រីគ្លីសេរី ក៏អាចការពារបានដែរ។
៤.បង្ការបញ្ហាខ្សោយសាច់ដុំ
ទឹកអំពៅមានជាតិស្ករធម្មជាតិ ដែលចាំបាច់បំផុតសម្រាប់រក្សាសាច់ដុំឲ្យមានភាពរឹងមាំ ហើយជៀសផុតពីបញ្ហាខ្សោយសាច់ដុំនិច្ច។
៥.បង្ការជំងឺកើតលឿង
បើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា ទឹកអំពៅគឺជាឱសថដ៏ល្អបំផុតសម្រាប់ថ្លើម ព្រោះវាមានសមត្ថភាពអាចកាត់បន្ថយកម្រិតជាតិអាស៊ីត និងជួយការពារជំងឺខាន់លឿងថែមទៀត។
៦.បង្ការភាពស្លេកស្លាំង
ទឹកអំពៅ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលមានភាពស្លេកស្លាំង ដោយសារតែវាមានផ្ទុកជាតិដែកយ៉ាងច្រើនដែលអាចជួយបង្កើនកម្រិតអេម៉ូក្លូប៊ីន(Hb) ក្នុងរាងកាយឡើងវិញ។
៧.បង្ការបញ្ហាចាញ់កូន
អ្នកឯកទេសផ្នែកចំណីអាហារបានបង្ហាញថា អាការចង់ក្អួត ឬក្អួតក្នុងអំឡុងពេលមានផ្ទៃពោះកើតឡើងដោយសារតែការផ្លាស់ប្តូរកម្រិតអ័រម៉ូន Estrogen ឬទឹកអាស៊ីតនៅក្នុងរាងកាយលើសកម្រិត។ ប៉ុន្តែទឹកអំពៅអាចជួយកាត់បន្ថយបញ្ហាមួយនេះបាន ជាពិសេសប្រសិនបើអ្នកបន្ថែមទឹកខ្ញីពីរបីដំណក់ចូល គឺកាន់តែមានប្រសិទ្ធភាព៕
មតិយោបល់