ប្រសិនបើមាត់របស់អ្នកឈប់ផលិតទឹកមាត់ តើមានបញ្ហាអ្វីកើតឡើង?

ទឹកមាត់មានតួនាទីក្នុងការជួយរំលាយអាហារ ជួយរក្សាសំណើមនៅក្នុងមាត់ រក្សាមាត់ឲ្យស្អាត និងជួយគ្រប់គ្រងបាក់តេរីផងដែរ។ ប៉ុន្តែ ប្រសិនបើមាត់មិនបានផលិតទឹកមាត់គ្រប់គ្រាន់នោះទេ តើមានអ្វីកើតឡើង? ប្រសិនបើករណីនេះកើតឡើងមែន អណ្តោត ព្រមទាំងមាត់របស់អ្នកនឹងមានសភាពស្ងួត ស្រេកទឹក បាក់តេរី និងមេរោគផ្សិតមានឱកាសគ្រប់ដណ្តប់ក្នុងមាត់ ប្រេះបបូរមាត់ ឬដំបៅនៅខាងក្នុងមាត់ជាដើម។ សូម្បីតែដង្ហើមក៏មានក្លិនមិនល្អដែរ បើទឹកមាត់របស់អ្នកផលិតតិចពេក។

តើមូលហេតុអ្វីដែលបណ្តោលឲ្យមាត់របស់អ្នកស្ងួត ឬមិនផលិតទឹកមាត់?

១.ក្នុងលក្ខខ័ណ្ឌមួយចំនួន ការស្ងួតមាត់ គឺបណ្តោលមកពីជំងឺទឹកនោមផ្អែម ជំងឺស្រឡទែន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើសឈាម ជំងឺរលាកសន្លាក់ ភាពស្លេកស្លាំងជាដើម។

២.ការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចធ្វើឲ្យមានផលប៉ះពាល់ដល់ការផលិតទឹកមាត់ដែរ។ ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺហឺត ចង្អោរ លើសឈាម ជំងឺឆ្កួតជ្រូក រោគមុន បញ្ហាធាត់ អាឡែកស៊ីត បំបាត់ការឈឺចាប់ និងធ្លាក់ទឹកចិត្ត សុទ្ធតែជាដើមហេតុដែលបណ្តោលឲ្យមាត់ស្ងួត។

៣.សូម្បីតែវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមីក៏អាចរំខានដល់ការផលិតទឹកមាត់ដែរ។ ការព្យាបាលតាមបែបវេជ្ជសាស្ត្របែបនេះ អាចរំខានដល់ក្រពេញទឹកមាត់ ដែលធ្វើឲ្យវាប្រក្លាយទៅជាស្ងួត។

៤.ក្នុងករណីខូចខាតសរសៃប្រសាទ ដែលកើតឡើងដោយសារតែកាប៉ះទង្គិះដោយចៃដន្យ ឬការវះកាត់ ក៏ធ្វើឲ្យមាត់ស្ងួតដែរ។

៥.នៅពេលអ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់ ឬនៅពេលដែលអ្នកខ្វះក្នុងរាងកាយជាតិទឹក ដោយសារតែមូលហេតុផ្សេងៗ នោះមាត់របស់លោកអ្នកនឹងមានសភាពស្ងួត។ មិនតែប៉ុណ្ណោះ ការក្អួត ជំងឺគ្រុនក្តៅ ឬបាត់បង់ឈាម ក៏ធ្វើឲ្យមាត់ស្ងួតដូចគ្នា។

៦.ការជក់បារី គឺជារឿងធម្មតាទៅហើយដែលបណ្តោលឲ្យមាត់ស្ងួត ប៉ុន្តែទម្លាប់ដកដង្ហើមដោយបើកចំហមាត់ ក៏ធ្វើឲ្យមាត់ស្ងួតដែរ។

ប្រសិនបើអ្នកកើតមានបញ្ហាមាត់ស្ងួតខ្លាំង រកតែទឹកមាត់ស្តោះចេញមកគ្មាន សូមទៅជួបគ្រូពេទ្យភ្លាម ដើម្បីពិនិត្យឲ្យដឹងពីដើមហេតុពិតប្រាដក៕

ប្រភពៈboldsky

មតិយោបល់